បច្ចេកវិទ្យា

លេចធ្លាយ Huawei កំពុងសម្ងំសហការជាមួយ Rolls Royce ដើម្បីផលិតស្មាតហ្វូនស៊េរីថ្មី

BY
Khmernote Media
July 16, 2018

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីឈ្មោះរបស់ចិន គឺក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូនថ្មីៗជាច្រើន ដោយថែមទាំងមានសហការជាមួយក្រុមហ៊ុនផលិតរថយន្តថែមទៀតផង ដើម្បីរចនាស្មាតហ្វូនឡើងជាក់ស្តែងដូចជា Huawei Mate 10 Porsche Edition ជាដើម។ ហើយនាពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយថា ក្រុមហ៊ុន Huawei កំពុងតែសម្ងំផលិតស្មាតហ្វូនថ្មី ដោយសហការជាមួយក្រុមហ៊ុន Rolls Royce ថែមទៀតផង ហើយស្មាតហ្វូនោះមានឈ្មោះថា Honor Note 10 Rolls Royce Edition ដោយការផលិតមានចំនួនកំណត់។

តាមរយៈព័ត៌មានលេចធ្លាយនោះ បង្ហាញឲ្យឃើញថា ស្មាតហ្វូនថ្មីរបស់ Huawei នោះនឹងមានរូបសញ្ញាក្រុមហ៊ុន Rolls Royce នៅផ្នែកខាងក្រោយ។ ចំណែកឯលក្ខណៈសម្បត្តិរបស់វាវិញ Honor Note 10 មានអេក្រង់ 6.9 អ៊ីញ AMOLED ជាមួយកំរិត Resolution 1440 pixels មានផ្ទៃអេក្រង់លាតពេញផ្ទៃខាងមុខ និងមិនមានក្បាលឆកដូចស៊េរីមុនៗ ចំណែកឯតួខ្លួនអាចផលិតឡើងពីកញ្ចក់ ឬក៏សេរ៉ាមិច ដើម្បីបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែ។ ចំណែកឯ Honor Note 10 Rolls Royce Edition វិញមានផ្ទៃខាងក្រោមពណ៌ទឹកប្រាក់រលោង ជាមួយនឹង logo របស់ក្រុមហ៊ុន Rolls Royce។

រីឯកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 បំពាក់ដោយបន្ទះឈីប Hisilison Kirin 970 មាន RAM ទំហំ 8GB មេម៉ូរី 256GB ហើយបំពាក់កាមេរ៉ា២គ្រាប់ 24MP និង 16MP មានទំហំថ្មរហូតដល់ទៅ 6,000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន Honor Super Charge។ Honor Note 10 Rolls Royce Edition ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះ ជាមួយនឹងតម្លៃមិនក្រោម១ពាន់ដុល្លារឡើយ៕

អត្ថបទ៖ ឌី
ប្រភព៖ mysmartprice

Share This Post: