កូវីដ-១៩

កូរ៉េខាងត្បូងចាប់ផ្ដើមធ្វើតេស្ដរកជំងឺកូវីដ១៩លើសត្វចិញ្ចឹម ក្រោយរកឃើញមានករណីសត្វឆ្មាឆ្លងកូវីដ១៩ជាលើកដំបូងបំផុត

BY
autoadmin
February 8, 2021

រដ្ឋាភិបាលរបស់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា សត្វឆ្មានិងសត្វឆ្កែដែលមានអាការគ្រុនក្តៅ ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម នឹងត្រូវបានផ្តល់ជូនការធ្វើតេស្ដរកជំងឺ COVID-19 ប្រសិនបើពួកវាបានប៉ះពាល់នឹងអ្នកជំងឺ ឬតំបន់ដែលមានហានិភ័យ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា កម្មវិធីធ្វើតេស្ដជំងឺ COVID-19 សម្រាប់សត្វចិញ្ចឹមទាំងនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងកាលពីថ្ងៃទី២៤ ខែមករា បានរាយការណ៍ពីករណីនៃការឆ្លងលើសត្វឆ្មាជាលើកដំបូងបង្អស់។

លោក Park Yoo-mi មន្ត្រីបង្ការជំងឺក្នុងទីក្រុងបាននិយាយថា៖«ចាប់ផ្តើមនៅថ្ងៃនេះតទៅ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់សត្វឆ្កែនិងសត្វឆ្មា»។ លោកបាននិយាយថា ការធ្វើតេស្តនេះនឹងត្រូវធ្វើឡើងនៅទីតាំងដាច់ដោយឡែកមួយ ដោយក្រុមបុគ្គលិកសុខាភិបាល រួមទាំងក្រុមពេទ្យសត្វផងដែរ។ សត្វដែលវិជ្ជមាននឹងតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងមិនអាចឱ្យម្ចាស់ជាអ្នកថែទាំនោះទេ ប្រសិនបើម្ចាស់ក៏មានជំងឺ COVID-19 ដែរនោះ។ ជម្រាបដែរថាសម្រាប់ប្រទេសកូរ៉េខាងត្បូង ករណីសត្វឆ្មាឆ្លងជំងឺ COVID-19 អាជាករណីប្លែកមួយ ប៉ុន្តែបើក្រឡេកទៅមើលអាមេរិកវិញ សូម្បីតែសត្វហ្គោរីឡាក៏បានឆ្លងជំងឺនេះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: