ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទោះបីវ៉ាក់សាំងកូវីដ-១៩ របស់ចិនមិនទទួលស្គាល់ពីអង្គការ WHO ក៏ដោយ ក៏កម្ពុជានៅតែដំណើរការទៅមុខ

    BY Khmernote Media February 9, 2021
    ទោះបីវ៉ាក់សាំងកូវីដ-១៩ របស់ចិនមិនទទួលស្គាល់ពីអង្គការ WHO ក៏ដោយ ក៏កម្ពុជានៅតែដំណើរការទៅមុខ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះបីជាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មិនទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ ក៏កម្ពុជានៅតែដំណើរការទៅមុខជានិច្ច។

    ក្នុងសន្និសីទសារព័ត៌មានស្តីពី ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩មានឈ្មោះថា Sinopharm កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ចំពោះរឿងវ៉ាក់សាំងកូវីដ-១៩ របស់មិត្តចិន ដែលប្រគល់ឱ្យកម្ពុជា មិនទាន់ទទួលស្គាល់ពីអង្គការWHO នៅឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏ការចាក់វ៉ាក់សាំងនេះ នៅតែបន្តទៅមុខ ដដែល ដោយសារតែវ៉ាក់សាំង នេះស្ថិតនៅក្នុងបញ្ជីរួចទៅហើយ ដែលកំពុងតែមានវឌ្ឈនភាពល្អ នៅសល់តែការវាយតម្លៃចុងក្រោយម្តងទៀតតែប៉ុណ្ណោះ ។

    លោកជំទាវបានបន្តទៀតថា ទោះបីមិនទាន់មានការទទួលស្គាល់ពី WHO តែប្រជាពលរដ្ឋ មួយចំនួន ក្នុងបណ្ដាប្រទេសមួយចំនួនធំ ដូចជា នៅប្រទេសឥណ្ឌូនេស៊ី មានប្រជាជនច្រើនណាស់ រាប់លាននាក់ គេបានចាក់រួចហើយដែរ ហើយប្រទេសមួយចំនួនទៀត ក៏មានការប្រើប្រាស់នូវវ៉ាក់សាំងស៊ីណូហ្វាមនេះផងដែរ។

    វ៉ាក់សាំងស៊ីណូហ្វាម អត់ទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ តែខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះស៊ីណូហ្វាម មានការវិវត្តន៍ឆ្ពោះទៅមុខល្អ សម្រាប់ការវាយតម្លៃរបស់WHO ហើយស៊ីណូហ្វាម ក៏បានដាក់ឯកសារ បានធ្វើសំណើរបស់ខ្លួនរួចហើយ ដាក់ជូនទៅអង្គការសុខភាពពិភពលោក ។ នៅក្នុងជំហានទី ១ WHO បានពិនិត្យហើយក៏បានសម្រេចឱ្យដាក់បញ្ចូលទៅក្នុងជំហានទី២ ហើយ អញ្ចឹងគាត់បានប្រឡងជាប់មួយហើយ ឥឡូវនៅប្រឡងមួយវគ្គទៀត ហើយវគ្គមួយទៀតនេះ គឺក្រុមវាយតម្លៃកំពុងតែធ្វើការសិក្សាយ៉ាងមមាញឹក ហើយព័ត៌មានដែលខ្ញុំទទួលបាន គឺកំពុងតែមានវឌ្ឍន ភាពល្អ ។ ហើយអ្វីដែលទទួលបានជម្រាបជូននៅពេលនេះ គឺប្រសិនបើស៊ីណូហ្វាមនេះ មិនមានបញ្ហាអ្វីធំដុំ អ៉ីចឹងអង្គការសុខភាពពិភពលោក និងអាចពិចារណា ដើម្បីដាក់វ៉ាក់សាំង ស៊ីណូហ្វាម នេះចូលទៅក្នុងបញ្ជី ប្រើប្រាស់ជាបន្ទាន់ តាមពិតទៅស៊ីណូហ្វាម នេះបាននៅក្នុងបញ្ជីរួចរាល់ហើយចឹងវានៅសល់តែការពិនិត្យចុងក្រោយតែប៉ុណ្ណោះ។

    សូមជម្រាបថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានបញ្ជូនមកដល់កម្ពុជា ចំនួន៦០ ម៉ឺនដូស ក្នុងជំហានដំបូង ក្នុងនោះ ចំនួន៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា ដោយឡែក អ្នកទទួលចាក់វ៉ាក់សាំង ត្រូវមានអាយុចាប់ពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នក ដែលមានអាយុលើស ពី៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផល នៃការសិក្សាជាមុនសិន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: