ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់ហើយ
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះអ្នកមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ ទើបអាចចាក់បាន។ នាព្រឹកមិញនេះផងដែរ កូនប្រុសទាំង៣ របស់សម្តេចតេជោ ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់អស់ហើយ។

បន្ទាប់ពីកូនរបស់សម្តេចតេជោ ហ៊ុន សែន បានចាក់វ៉ាក់សាំងរួច យើងសង្កេតឃើញឯកឧត្តម ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានបែងចែកជា៤ទីតាំងមានដូចជា៖
១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិកា ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ៕

