ក្រសួងការងារចេញសេចក្តីជូនដំណឹងស្តីពីការផាកពិន័យចំពោះពលករកម្ពុជា ដែលគេចវេះមិនបានធ្វើចត្តាឡីស័ក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះ ពលករកម្ពុជា ដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។

គួរបញ្ជាក់ផងដែរថា ការចេញសេចក្តីជូនដំណឹងខាងលើ បានធ្វើឡើងដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ និងអនុក្រឹត្យលេខ ១២៩ អនក្រ.បកចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។ ដើម្បីថែសុវត្ថិភាពសុខភាពសាធារណៈនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករនិងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារ បានអំពាវនាវដល់ពលករទាំងអស់អនុវត្តដូចខាងក្រោម៖
១.មិនត្រូវលួចឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជាឡើយដែលអាចមានហានិភ័យខ្ពស់ចំពោះអាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លងចូលមកប្រទេសកម្ពុជា។
២.ករណីត្រូវចូលមកប្រទេសកម្ពុជាត្រូវអនុវត្តការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះ មិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនឹងត្រូវទទួលរងការផាកពិន័យចំនួន ១ ០០០ ០០០ រៀលឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។
៣.សហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតពាក់ព័ន្ធនឹងមេខ្យល់ ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់ប្រទេសកម្ពុជា។ ជាមួយគ្នានោះ ក្រសួងការងារ ទទូចឲ្យបងប្អូនពលករមេត្តារក្សាភាពនឹងនរ និងចូលរួមអនុវត្តឱ្យត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ ក្រសួងព័ត៌មាន