Top News! ទាហានចាប់បានមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ គេចពីការធ្វើចត្តាឡីស័ក ប្រគល់ឲ្យប៉ូលីស ស្រាប់តែប៉ូលីសជាអ្នកដោះលែង ពេលនេះសម្តេចតេជោបញ្ជាឲ្យវាយខ្នោះលោកអធិការស័ក្តិ ៤ ប្រសិនបើជាការពិត
កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់មួយជុំវិញករណីដោយលែងមេក្លោងនាំមនុស្សឆ្លងដែនខុសច្បាប់ស្របពេលដែលជំងឺកូវីដ-១៩ កំពុងតែផ្ទុះជាសកល ដោយសម្តេចបានបញ្ជាឲ្យវាយខ្នោះប៉ូលីសស័ក្តិ៤ម្នាក់ នៅច្រកឡែម ខេត្តបាត់ដំបង ប្រសិនបើរកឃើញថាដោះលែងមេក្លោងនោះពិតប្រាកដមែន។

ថ្លែងនៅក្នុងសារសំលេងក្នុងគ្រុបតេឡេក្រាម សម្តេចបានបញ្ជាក់ថា “បើសិនរឿងនេះជារឿងពិត ត្រូវតែដាក់វិន័យ ឬផ្ដន្ទាទោសអាមេប៉ូលីសនេះតែម្ដង អាហ្នឹងសុំធ្វើសុំឲ្យធ្វើការស្រាវជ្រាវ ក្រសួងមហាផ្ទៃ អគ្គនគរបាលជាតិ សហការគ្នាជាមួយខេត្ត ចុះធ្វើការស្រាវជ្រាវឲ្យខ្ញុំ ហើយរាយការណ៍មកឲ្យខ្ញុំវិញ។ ឯកឧត្តម នេត សាវឿន ឯកឧត្តម ងួន រតនៈ ធ្វើការស្រាវជ្រាវករណីនេះ នៅមាត់ច្រកឡែម”។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ”កុំសួរថាឯកសានេះបានមកពីណា ខ្ញុំធ្វើមេដឹកនាំមិនមែនចេះតែល្ងង់នោះទេ ឥឡូវសុំធ្វើ ការស្រាវជ្រាវឲ្យខ្ញុំ ហើយខ្ញុំបញ្ចូលទៅក្នុងគ្រុបតែម្ដង ដើម្បីឲ្យឃើញទាំងអស់គ្នាតែម្ដងអំពីរូបភាព ដាក់ទាំងមេខ្យល់ ដាក់ទាំងស្អី ហើយមានរូបភាពទាក់ទិនជា មួយនឹងការដោះលែង ខាងទាហានអ្នកចាប់ ខាងប៉ូលីសអ្នកដោះលែង”។
“ករណីនេះគឺត្រូវតែដាច់ខាតតែម្តង ពីព្រោះរឿងនេះ ខ្ញុំត្រូវតែធ្វើការស្រាវជ្រាវហើយ ហើយឯកឧត្តម វង្ស ពិសេន ហ៊ុន ម៉ាណែត ធ្វើកិច្ចការងារនេះ ពង្រឹងសមត្ថភាពកងទ័ព ហើយប្រសិនបើប៉ូលិសដោះលែង កងទ័ពត្រូវតែចាប់មកវិញភ្លាម មើលលេងឲ្យណាណីទៅមើល កងទ័ពត្រូវចាប់មកឲ្យប៉ូលីស ប៉ូលិសដោះលែង យើងចាប់មកវិញទៀតមើល ហើយបញ្ជូនមកឲ្យខាងលើ លេងអីចឹងម្ដងមើល ទាំងអាវុធហត្ថ”។
គួរបញ្ជាក់ផងដែរថានៅព្រឹកមិញនេះដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង។ លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ គ្រាដែលមានការរីករាលដាលជំងឺកូវីដ១៩៕
