បុរសជនជាតិជប៉ុន ដែលសារព័ត៌មានបានចុះផ្សាយថាដើរស្នាក់នៅតាមសួនសាធារណៈ ត្រូវបានសមត្ថកិច្ចរកឃើញហើយ នឹងបានបញ្ជូនទៅស្ថានទូតជប៉ុននៅថ្ងៃនេះ
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានឃើញការចុះផ្សាយតាមសារព័ត៌មាននានាលើបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចជំនាញការិយាល័យស៊ើបសង្អេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ បានធ្វើការចុះស្រាវជ្រាវរកបុរសជនជាតិជប៉ុន និងបានរកឃើញបុរសជនជាតិជប៉ុនឈ្មោះ Gen Kubuta អាយុ៤១ឆ្នាំ នៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចសួនមុខវត្តបទុម។

បន្ទាប់មកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំគាត់ទៅពិនិត្យសុខភាពដើម្បីធ្វើតេស្តរកមេរោគCovid-19 នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ ជាលទ្ធផលគឺអវិជ្ជមាន។ ជាក់ស្តែងបុរសជនជាតិជប៉ុនរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបាត់លិខិតឆ្លងដែន និងវីសាហួសសុពលភាព ហើយខ្វះខាតថវិកា ទើបមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញបាន។ បន្ទាប់ពីធ្វើការសាកសួរ និងពិនិត្យសុខភាពរួចរាល់រួច នៅវេលាម៉ោង ០៨៖៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចក៏បានបញ្ជូនជនជាតិជប៉ុនរូបនេះទៅឲ្យស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ៕



