សែនរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធរហូតមានផ្ទៃពោះ ចុងក្រោយខាងប្រុសរត់ទៅនៅផ្ទះម្តាយវិញ ហើយទាំងខាងប្រុសនិងគ្រួសារខាងប្រុសមិនទទួលស្គាល់ ក៏សម្រេចចិត្តគិតខ្លីលោតទឹកដល់ទៅ២លើក សំណាងល្អសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយទាន់ទាំង២លើក
រាជធានីភ្នំពេញ៖ បើមិនអាណិតខ្លួន ក៏គួរអាណិតកូនក្នុងផ្ទៃដែរ! នារីម្នាក់ខូចចិត្តព្រោះជ្រុលខ្លួនរួមរស់ជាមួយសង្សារ រហូតមានផ្ទៃពោះ ហើយសង្សារមិនទទួលខុសត្រូវ នារីម្នាក់ប៉ងលោតទឹកស្ពាន តែត្រូវបានពលរដ្ឋនិងសមត្ថកិច្ចប្រចាំការគល់ស្ពានជួយឃាត់ទាន់ពេល និងជួយលួងលោម នាំកន្លែងមានសុវត្ថិភាព ដើម្បីសួរនាំដំណើររឿង បន្ទាប់ពីនារីរូបនេះមានកាន់បង្វិចវ៉ាលីខោអាវតាមរកប្ដីដល់ផ្ទះតែត្រូវប្ដីនិងគ្រួសារប្ដី បដិសេធមិនអោយចូល និងមិនទទួលស្គាល់ ទើបអស់សង្ឃឹមធ្វើដំណើរមកលើស្ពានជ្រោយចង្វារចាស់ ដើម្បីបញ្ចប់ជីវិត តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៧:៤០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមសម្ដីនារីរូបនោះបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងខ្លីៗថា គាត់មានឈ្មោះ ចែត រ័ត្នធី មុខរបរអ្នករាប់លុយ(ពីមុន) មានស្រុកកំណើត នៅខេត្តសៀមរាម សព្វថ្ងៃស្នាក់នៅផ្ទះជួលមួយកន្លែងនៅផ្លូវ២៤០(ជិតផ្សារស៊ីលិប) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រស់នៅជាមួយប្ដីឈ្មោះ ភា រ៉ា មុខរបររកស៊ី (លក់ឡាន) បានស្រលាញ់គ្នារយៈពេល១ឆ្នាំជាង ដោយសែនព្រេនបន្តិចបន្តួច មិនបានរៀបអាពាហ៍ពិពាហ៍ ឬមានអេតាស៊ីវិលត្រឹមត្រូវនោះឡើយ តែពួកគាត់រួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធឯទៀតអញ្ចឹង ដោយមានកូនក្នុងផ្ទៃចំនួន ៥សប្ដាហ៍។
គាត់បានបន្តថា ពួកគាត់ឈ្លោះគ្នាចំនួន៣ថ្ងៃមកហើយ ដោយប្ដីរបស់គាត់បានរត់ទៅនៅផ្ទះម្ដាយ នៅម្ដុំទួលសង្កែ ទោះបីគាត់ខលទូរស័ព្ទហៅយ៉ាងណាក៏មិនព្រមមកវិញដែរ រហូតដល់ថ្ងៃកើតហេតុ គាត់ក៏បានវិចខោអាវដាក់វាលី ឡើងជិះកង់បីឥណ្ឌាមកផ្ទះខាងប្ដី តែត្រូវបានប្ដីមិនទទួលស្គាល់ ហើយម្ដាយក្មេកប្រដេញចេញពីផ្ទះ ដោយមិនទទួលស្គាល់ជាកូនប្រសារទៀត ទើបគាត់តូចចិត្តតូចថ្លើម និងអស់សង្ឃឹមក្នុងខ្លួនរលីងបែបនេះ។
ក្រោយការសាកសួរដើមហេតុ និងពន្យល់កុំឱ្យគិតខ្លី ចប់សព្វគ្រប់ រួចឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែស្រាប់តែដល់ម៉ោង០០៖២០នាទីយប់រំលងអធ្រាត្រក៏ភ្ញាក់ផ្អើលនារីខាងលើមកលោតទឹកសម្លាប់ខ្លួនជាលើកទី២ ចូលក្នុងទន្លេនៅចំណុចមុខព្រះអង្គដង្កើ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែត្រូវបានអ្នកបោសសម្អាតក្រឡេកឃើញទាន់ក៏ស្រែកហៅកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញដែលប្រចាំការនៅជិតនោះ ចុះទៅជួយស្រង់បានទាន់ពេលវេលា។

បច្ចុប្បន្នក្រោយពេលកើតហេតុ ក្រុមអ្នកសារព័ត៌មានយើងបានធ្វើការណែនាំនិងលួងលោម ប្រាប់ឱ្យបញ្ឈប់ការធ្វើអត្តឃាតទាំងរូបកាយនៅស្រស់ស្អាតនិងក្មេងខ្ចីបែបនេះតទៅទៀត បន្ទាប់ពីនិយាយលួងលោមនាងអស់មួយសន្ទុះរួចមក ទើបសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់ និងបងប្អូនអ្នកសារព័ត៌មានយើងក៏បាននាំគ្នាជួយជូនទៅដល់ផ្ទះជួលតែម្តង ស្ថិតនៅផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញតែដោយពួកយើងជាមនុស្សប្រុស ហើយប្អូនជាមនុស្សស្រីទើបមិនអាចជួយអ្វីលើសពីនេះបានទេ តែមានការផ្ញើអ្នកជិតខាងអោយជួយលួងលោមមួយយប់រងចាំស្អែកឡើងចាំទំនាក់ទំនងសាច់ញាតិបន្តទៀត ៕








ដោយ៖ បងម៉េង ខ្មែរណូត