ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្គាក្លាស្សេមានចាក់ចាហួយជាង១តោន ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សម្រាម

    BY Khmernote Media February 17, 2021
    បង្គាក្លាស្សេមានចាក់ចាហួយជាង១តោន ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សម្រាម

    រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការដុតកម្ទេចចោល បង្គាក្លាស្សេមានចាក់ចាហួយបន្ថែមសរុបចំនួន ៥៦កេស ស្មើនឹង ១០០៨គីឡូក្រាម នៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត។

    សូមបញ្ជាក់ផងដែរថា ធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

    សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ត្រូវបានស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ភ្លាមៗនោះមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តទាំង ២គ្រឿងខាងលើដែលសង្ស័យមានបង្គាក្លាសេ្សចាក់បន្ថែមចាហួយ មកអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍។ តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឱ្យដឹងថា ទំនិញជាគ្រឿងសមុទ្រ រួមមានបង្គាកាស្សេ និងក្តាម សរុបចំនួន ៦៥០កេស នៅលើរថយន្តទាំង២ខាងលើ មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។ ជាលទ្ធផល មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកវត្តមានបង្គាក្លាស្សេមានចាក់បន្ថែមចាហ៊ួយ ចំនួន ៥៦ កេស ស្មើ ១០០៨គីឡូក្រាម ៕


    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: