ឧកញ៉ា ម៉ុង ឬទ្ធី ឃើញគេដាក់លក់កូនសត្វឥន្ទ្រី ២២ក្បាល ក៏សម្រេចចិត្តទិញទាំងអស់ ថែទាំសិនដើម្បីទុកប្រលែង
យោងតាមការបង្ហោះរបស់ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងថាព្រឹកមិញនេះលោកបានទិញកូនសត្វឥន្ទ្រីចំនួន២២ក្បាល ដើម្បីយកទៅថែទាំឲ្យរឹងដៃរឹងជើង ដើម្បយកទៅប្រលែង។ លោកបានសរសេរថា៖ វេលាម៉ោង៧ព្រឹកថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ជួបជាមួយប្រជាពលរដ្ឋមកពីខេត្តព្រះវិហារ យកកូនសត្វឥន្ទ្រីចំនួន២២ក្បាលមកដាក់លក់នៅខាងមុខហាងបាយសូរិយា ដោយបានដឹងយ៉ាងច្បាស់ថាឥន្ទ្រីជាសត្វកម្រជិតផុតពូជ ហេីយពួកវាគឺជាមិត្តជិតស្និទ្ធបំផុតដែលមិនអាចខ្វះបានជាមួយ និងអ្នកប្រកបអាជីវកម្មកសិកម្ម កសិឧស្សាហកម្ម វាគឺជាអ្នកប្រមាញ់យ៉ាងស្ទាត់ជំនាញបំផុតទៅលេីសត្វពោះនិងកណ្ដុរ។

ដូច្នេះហេីយបានជាខ្ញុំប្រមូលទិញយកទាំងអស់ យកមកថែទាំរហូតដល់វារឹងដៃរឹងជេីងនិងយកទៅប្រលែង នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ និងមួយចំនួនទៀតយកទៅប្រលែងនៅក្នុងតំបន់ចំការដូងប្រេង ចាប់ពីឆ្នាំ១៩៩៦រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំធ្លាប់បានយកសត្វទីទុយ មៀម ខ្លែងស្រាក និងឥន្ទ្រីប្រភេទនេះលេីសពីចំនួន២០០ក្បាល យកមកប្រលែងនៅក្នុងតំបន់ចំការដូងប្រេង ដេីម្បីអោយពួកវាជួយចាប់សត្វពោះនិងកណ្ដុរយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត៕







