ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូឃើញគោលដៅត្រួតពិនិត្យភ័យពេក បោះគ្រឿង.ញៀ.នចោលតាមផ្លូវ តែសមត្ថកិច្ចឃើញទាន់ចាប់ឃាត់ខ្លួនតែម្តង

    BY Khmernote Media February 18, 2021
    ជិះម៉ូតូឃើញគោលដៅត្រួតពិនិត្យភ័យពេក បោះគ្រឿង.ញៀ.នចោលតាមផ្លូវ តែសមត្ថកិច្ចឃើញទាន់ចាប់ឃាត់ខ្លួនតែម្តង

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ លាក់ទុកគ្រឿងញៀន២កញ្ចប់ជាប់ខ្លួន ជិះម៉ូតូ Scoopy ឌុបគ្នាចូលគោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ហើយបោះចោលតាមផ្លូវ ពេលនោះសមត្ថកិច្ចឃើញក៏ចាប់ឃាត់ខ្លួនបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរភ្លាមៗ ។

    ការឃាត់ខ្លួនជនសង្ស័យក្នុងគោលដៅអនុវត្តច្បាប់ចរាចរណ៍ខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង០៩:៤៥នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យដែលឃាត់ខ្លួនបានទាំងពីរនាក់ខាងលើ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច, ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-9139, និងទូរស័ព្ទដៃចាស់ចំនួន២គ្រឿង ។

    នគរបាលចរារណ៍ខណ្ឌមានជ័យបានប្រាប់ក្រុមការងារខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ ខណៈកម្លាំងចម្រុះរបស់អធិការដ្ឋានមានជ័យ សហការជាមួយកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ខណៈពេលកំពុងឃាត់រថយន្តនិងម៉ូតូជាច្រើនគ្រឿង ធ្វើការត្រួតពិនិត្យជាតិស្រវឹងធ្វើការអប់រំណែនាំឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ស្រាប់តែឃើញមានបុរស២នាក់(ជនសង្ស័យ)បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកហុងដាស្គូពី (Honda Scoopy) ពណ៌ខ្មៅ បានធ្វើដំណើរមកតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើង បានចូលមកក្នុងគោលដៅត្រួតពិនិត្យ ដោយមានអាការៈគួរឲ្យសង្ស័យ ហើយកម្លាំងក៏បានហៅអែបចូលមកក្នុងសិន ស្រាប់តែជនសង្ស័យម្នាក់ដែលជិះខាងក្រោយ បានបោះថ្នាំញៀនចំនួន២កញ្ចប់តូចចោលតាមផ្លូវ តែពេលនោះសមត្ថកិច្ចដែលឈរជើងក្នុងគោលដៅ ប្រទះឃើញក៏ចាប់ឃាត់ខ្លួនបានជាក់ស្ដែងតែម្ដង និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ រួចបញ្ជូនទៅធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីរងចាំផ្នែកជំនាញគ្រឿងញៀន ដឹកនាំដោយលោកអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍ធ្វើការសាកសួរបន្តទៀត ។

    ក្រោយពីត្រួតពិនិត្យចប់ កម្លាំងនគរបាលខណ្ឌមានជ័យ បានបន្តចេញល្បាតក្នុងភូមិសាស្រ្ត និងគោលដៅពួនស្ទាក់រៀងខ្លួន តែចំពោះជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនទាំងពីរនាក់នេះ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញសួរនាំ និងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: