ស្ត្រីជនជាតិចិនម្នាក់ ធ្វើដំណើរមកពីប្រទេសអារ៉ាប់ មកដល់កម្ពុជា ថ្ងៃ១៧ កុម្ភៈ មានឆ្លងជំងឺ កូវីដ-១៩
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះដែរក្រសួងបានប្រកាសថារកឃើញករណីវិជ្ជមានថ្មីមួយករណី ទៅលើស្ត្រីជនជាតិចិន ដែលធ្វើដំណើរមកពីប្រទេសអារ៉ាប់ មកដល់កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ក្រសួងបានបញ្ជាក់ផងដែរថា៖ ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧៤នាក់ ដែល នៅក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧៣នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានី ភ្នំពេញ ចំនួន ៥២នាក់ និង មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ២១នាក់៕

