ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ផ្តល់ថវិកាជំនួយបន្ថែមសរុប 2,300 លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន3 ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក ខណៈដែលពលករជាង 3ម៉ឺន 5ពាន់នាក់ហើយ បានត្រឡប់ចូលកម្ពុជាវិញ

    BY Khmernote Media February 19, 2021
    សម្តេចតេជោ ផ្តល់ថវិកាជំនួយបន្ថែមសរុប 2,300 លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន3 ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក ខណៈដែលពលករជាង 3ម៉ឺន 5ពាន់នាក់ហើយ បានត្រឡប់ចូលកម្ពុជាវិញ

    យោងតាមការអោយដឹងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់មកកាន់អ្នកសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជំនួយបន្ថែមនូវថវិការចំនួន ២ពាន់ ៣០០លានរៀលទៀត ជូនដល់ខេត្តជាប់ព្រំដែនចំនួន៣ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ ដែលត្រឡប់មកពីប្រទេសជាប់ព្រំដែន។

    ក្នុងនោះដែរលោកជំទាវ បានបញ្ជាក់អោយដឹងថា ខេត្តចំនួន៣ដែលជាប់ព្រំដែន ដែលត្រូវទទួលបានជំនួយបន្ថែមនោះរួមមាន ខេត្តបាត់ដំបង ទទួលបានជំនួយថវិកា៧០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបានជំនួយថវិកា៩០០លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបានជំនួយថវិកា៧០០លានរៀល ហើយថវិកាទាំងនេះត្រូវបានសម្តេចតេជោ ផ្តល់ជូនដើម្បីប្រើប្រាស់រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៣ផងដែរ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣ម៉ឺន ៥ពាន់នាក់ ហើយបានត្រឡប់មកប្រទេសកម្ពុជា ដោយការត្រឡប់ចូលមកប្រទេសវិញរបស់ពលករចំណាកស្រុកនេះ ក្រោយពេលប្រទេសថៃ ផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ រាលដាលក្នុងសហគមន៍យ៉ាងខ្លាំងខ្លា ជាពិសេសខេត្តសាមុតសាខន តែម្តង៕

    Share This Post: