វៀតណាមរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ១៥ករណី នៅក្រុងហៃដុងកាលពីល្ងាចមិញនេះ
- BY
- autoadmin
- February 20, 2021
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ចំនួន ១៥ករណី ថ្មីបន្ថែមទៀតនៅល្ងាចថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ដែលករណីទាំងអស់នេះគឺបានកើតឡើងនៅទីក្រុងហៃដុង។ ពោលគឺចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រាការចម្លងក្នុងសហគមន៍ចំនួន ៧៧០ ករណី ក្នុងតំបន់ចំនួន ១៣ ។ ជម្រាបដែរថា ទីក្រុងហៃដុងបានផ្ទុះករណីជំងឺ COVID-19 បន្ទាប់ពីខេត្ត Quang Ninh ដែលមាន ៦០ករណី និងទីក្រុងហូជីមិញដែលមាន ៣៦ ករណី។

គិតមកទល់ពេលនេះប្រទេសវៀតណាម មានករណីឆ្លងសរុបចំនួន ២,៣៦២ ករណី ជាមួយនឹងការជាសះស្បើយចំនួន ១,៦២៧ នាក់ និងការស្លាប់ ៣៥ ករណី។ រាល់ករណីសកម្មទាំងអស់គឺមានស្ថេរភាពល្អ ដោយមាន ១៦៣នាក់ បានធ្វើតេស្តអវិជ្ជមានវិញយ៉ាងហោចណាស់ម្តង។ យោងតាម VNExpress បានឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះករណីក្នុងសហគមន៍ថ្មីចុងក្រោយនេះ មានមនុស្សច្រើនជាង ១៤ ម៉ឺននាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នានៅតាមមណ្ឌលកណ្តាល មន្ទីរពេទ្យ នៅផ្ទះ និងកន្លែងស្នាក់នៅផ្សេងទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






