ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សំណាងចេះចាប់បានទាន់! ឃាត់ខ្លួនមេខ្យល់០១នាក់ និងពលករ០៧នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដោយមេខ្យល់យកតម្លៃឈ្នួលក្នុងម្នាក់ចំនួន…

    BY Khmernote Media February 20, 2021
    សំណាងចេះចាប់បានទាន់! ឃាត់ខ្លួនមេខ្យល់០១នាក់ និងពលករ០៧នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដោយមេខ្យល់យកតម្លៃឈ្នួលក្នុងម្នាក់ចំនួន…

    ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០១និង៣០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វេីការចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយបានឃាត់ខ្លួនពលករឆ្លងដែនដោយខុសច្បាប់ចំនួន០៧នាក់ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលពលករទាំងនោះត្រូវមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ ភ្លាមនោះកម្លាំងយើងបាននាំពលករទាំង០៧នាក់មកមូលដ្ឋានកងអាវុធហត្ថក្រុង ដើម្បីសួរនាំ។

    លោកវរសេ​នីយ៍​ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីសាកសួររួចពលករខាងលើបានប្រាប់ពីតម្រុយមេខ្យល់បម្រុងនឹងនាំពួកគាត់ឆ្លងដែនទៅប្រទេសថៃ។ ចំណែកពលករត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត០១គ្រឿង ម៉ាកតូយូតាកាមេរី ពណ៌បៃតងចាស់ រួចនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។

    លោកវរសេ​នីយ៍​ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង០៧នាក់ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរីដែលសមត្ថកិច្ចបានដកហូតខាងលើទិសដៅយកចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។ ដោយផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃីន ផល្លា និងរថយន្តត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំំ២០២១នេះ៕

    ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

    Share This Post: