ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យវេជ្ជបណ្ឌិតម្នាក់ ដែលបង្រៀនការចាក់វ៉ាក់សាំងនិងអ្នកដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក

    BY Khmernote Media February 22, 2021
    សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យវេជ្ជបណ្ឌិតម្នាក់ ដែលបង្រៀនការចាក់វ៉ាក់សាំងនិងអ្នកដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ បានណែនាំឱ្យវេជ្ជបណ្ឌិត ម្នាក់ដែលបង្រៀនការចាក់វ៉ាក់ សាំងនិងក្រុមគ្រូពេទ្យដែលពាក់ព័ន្ធ ទៅធ្វើចត្តាឡីស័កនិងពិនិត្យយកសំណាក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩ ដើម្បីការពារកុំឱ្យមានការរីករាលដាលកាន់តែខ្លាំងឡើង។

    សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការងារបន្ទាន់មុនបង្អស់គឺយកវេជ្ជបណ្ឌិត ដែលបង្រៀនចាក់វ៉ាក់សាំងមកធ្វើចត្តាឡីស័ក ត្រួតពិនិត្យយកសំណាក ភ្លាមៗ ហើយត្រូវផ្អាកទីកន្លែងទាំងអស់ ដែលវេជ្ជបណ្ឌិតនោះទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធ ត្រូវដំណើរការជាធម្មតា។

    យោងតាមរយៈសារសំឡេង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ពិជ័យសេនា ទៀ បាញ់ បានថ្លែងឱ្យដឹងថា លោកវេជ្ជបណ្ឌិតដែលសង្ស័យមានជំងឺកូវីដ-១៩នេះ បានទៅបង្រៀនក្រុមគ្រូពេទ្យ ទាំងកាំភ្លើងធំផង សាលាបច្ចេកទេសផង នៅវិទ្យាស្ថានតេជោពេទ្យ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កទាំងអស់ ។

    «ឥឡូវគឺមានបញ្ហាធំបំផុតដែលគាត់ទៅបង្រៀន ក្រុមគ្រូពេទ្យដែលត្រូវចាក់វ៉ាក់សាំងដែល មានខាងកាំភ្លើងធំ ខាងសាលាបច្ចេកទេសផង ហើយអ្នកដែលទៅរៀនទាំងប៉ុន្តែត្រូវដាក់ចត្តាឡីស័កទាំងអស់ ហើយមុនទាំងអស់គឺយកវេជ្ជបណ្ឌិតម្នាក់ដែលបានបង្រៀនហើយគាត់ បើកគ្លីនិក គឺយកមកឃុំហើយត្រួតពិនិត្យយកសំណាកទៅពិនិត្យភ្លាម ប្រសិនបើគាត់ឆ្លងមែនទែនកុនមែនទែនហើយ គឺវេជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវឱ្យផ្អាកទាំងអស់ ធ្វើចត្តាឡីស័កទាំងអស់ នៅកន្លែងកាំភ្លើងធំ វិទ្យាស្ថានតេជោបចេ្ចកទេស និងកន្លែងមួយចំនួនទៀត ដែលបានយកទៅរៀន សាលាត្មាតពងទាំងអស់ហ្នឹង គឺយកទៅដាក់ចត្តាឡីស័កទាំងអស់ ដើម្បីបន្ទាន់គឺយកគ្រូពេទ្យម្នាក់នេះ ដាក់ចត្តាឡីស័កហើយយកសំណាកទៅពិនិត្យភ្លាមហើយពិនិត្យទៅយ៉ាងណាៗ ដើម្បីយើងមានវិធានការ តទៅទៀតឱ្យបានហ្មត់ចត់ គត់មត់បំផុត ព្រោះរឿងនេះជារឿងធំណាស់ » ។

    សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។

    ជាមួយគ្នានេះ ក្រសួង សុខាភិបាលក៏បានប្រកាសពីការព្យាបាលជាសះស្បើយ ចំនួន ២នាក់ផងដែរ។ ទន្ទឹមនេះក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ មានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនមានអាការៈមិនស្រួលខ្លួន ដូចជាឡើងកម្ដៅ ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរ ស័ព្ទ ទាន់ហេតុការណ៍ ១១៥ ។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៩៣នាក់៕

    រូបតំណាង

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: