រដ្ឋបាលខេត្តព្រះសីហនុសម្រេចបិទសណ្ឋាគារ៥កន្លែង ក្រោយរកឃើញស្រ្តីចិន២នាក់ផ្ទុកកូវីដ-១៩
ខេត្តព្រះសីហុនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ ព្រមទាំងសណ្ឋាគារហ័ងហ្គ័នជាយី ក្រោយរកឃើញស្រ្តីជនជាតចិនចំនួន២នាក់ មានផ្ទុកជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកពីជនបរទេសដែលស្នាក់នៅក្នុង ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តបានបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់ ដែលមានស្ត្រីជនជាតិចិនអាយុ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខ៖ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីនប៉ិព័រអ៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងស្ត្រីជនជាតិចិនម្នាក់ទៀត អាយុ២២ឆ្នាំ មកពី រាជធានី ភ្នំពេញកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ តាមរថយន្តជាមួយអ្នកបើកបរ ហើយស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយសង្សារ។ បច្ចុប្បន្ន ស្ត្រីជនជាតិចិនទាំង២នាក់ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់អ្នកធ្លាប់មានវត្តមានចេញចូលនៅសណ្ឋាគារជីនបុីទាំង៣សាខា និងអគារ ស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយបុគ្គលទាំងពីរខាងលើ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ហើយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលប្រចាំការនៅសាលាបឋមសិក្សា- អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវ១០០) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីវេលាម៉ោង១៣រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។
យោងតាមការបញ្ជាក់នៅលើគណនីហ្វេប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា រដ្ឋបាលខេត្ត បានបិទទីតាំងចំនួន៥ ជាបណ្តោះអាសន្នរួមមាន៖
- Jin Bei Casino & Hotel
– Jin Bei Palace Hotel
– Jin Bei Artisan Hotel
- អគារស្នាក់នៅរួមរបស់ជិញប៉ី
- Crowne Plaza Hotel (សណ្ឋាគារហ័ងហ្គ័នជាយី)។
ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន៤០នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍២០កុម្ភៈ ចំនួន ៣៨នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៦៣៣នាក់ ក្នុងនោះមានអ្នកដែល ត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន១៤២នាក់ ៕


ប្រភព៖ ក្រសួងព័ត៌មាន