ជនជាតិចិន០៦នាក់នៅខេត្តព្រះសីហនុ ចង់ត្រលប់ទៅចិនវិញ ហើយធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាព ស្រាប់តែឃើញវិជ្ជមានកូវីដ១៩
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦៥នាក់ និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥នាក់នោះ គឺមាន០៧នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ។

ក្នុងនោះផងដែរ ក្រសួងសុខាភិបាលរកឃើញមានជនជាតិចិនចំនួន០៦នាក់ ដោយមានបំណងធ្វើដំណើរទៅប្រទេសចិនវិញ ដូច្នេះពួកគាត់បានទៅធ្វើតេស្ត ដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពួកគាត់ទាំង០៦នាក់ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
