ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចេញពីលក់ត្រីជិះម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនស៊ីជ្រុលប៉ះរថយន្ត LEXUS GS300 បែកស្តុប ពុំមានលទ្ធភាពសង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

    BY Khmernote Media February 26, 2021
    ចេញពីលក់ត្រីជិះម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនស៊ីជ្រុលប៉ះរថយន្ត LEXUS GS300 បែកស្តុប ពុំមានលទ្ធភាពសង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

    រាជធានីភ្នំពេញ ៖ បុរសម្នាក់មកពីលក់ត្រីជិះម៉ូតូសង់កូរ៉េ លឿនពេក ជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅប៉ះរថយន្ត LEXUS GS300 បណ្ដាលឲ្យបែកស្តុប ពុំមានលទ្ធភាពសងគេ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងក្រុមអ្នកសារព័ត៌មានចុះមកថត Live ផ្សាយផ្ទាល់ផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចច្រមុះក្បាលថ្នល់ ទល់មុខភោជនីយដ្ឋានទន្លេបាសាក់២ លើកំណាត់ផ្លូវព្រះមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUS GS300) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-3259 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីលិចទៅកើត ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុទល់មុខភោជនីយដ្ឋានទន្លេបាសាក់២ ស្រាប់តែមានបុរសម្នាក់ បើកបរម៉ូតូសង់កូរ៉េស៊េរីចាស់មួយគ្រឿង ពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រៃវែង 1F-7297 ត្រលប់មកពីលក់ត្រីវិញ បំណងត្រលប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅស្របគ្នាមកពីក្រោយ ក្នុងល្បឿនលឿនល្មម តែមិនប្រយ័ត្ន ហើយជាន់ហ្វ្រាំងដែរ តែហ្វ្រាំងមិនស៊ី ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្ត LEXUS GS300 ខាងលើ បណ្ដាលឲ្យបែកស្តុបស្ដាំចំហៀងខាងក្រោយ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ព្រោះភាគីខាងម៉ូតូពាក់មួកការពារសុវត្ថិភាពក្បាលបានត្រឹមត្រូវ តែអ្វីដែលគួរឲ្យអាណិតអាសូរនោះ គឺម្ចាស់រថយន្តថាមិនចង់បានអ្វីទេ តែគ្រាន់តែចង់អោយខាងម៉ូតូជួសជុលស្ដុបថ្មីអោយប៉ុណ្ណោះ តែភាគីខាងម៉ូតូគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់សងខាងរថយន្តឡើយ គាត់មានតែលទ្ធភាពត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ ដែលជាលុយដើមដែលលក់ត្រីបាន និងលុយលក់ចំណេញបានថ្ងៃនេះប៉ុណ្ណោះ តែភាគីខាងរថយន្តមិនព្រមទទួលយកឡើយ ។

    ប្រភពបន្តថា ក្រោយពីដោះស្រាយគ្នាមិនទាន់ត្រូវ ក៏បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ ចុះអន្តរាគមន៍សម្របសម្រួលផងដែរ និងមានអ្នកសារព័ត៌មានយើងចុះទៅថត Live ផ្សាយផ្ទាល់ ពត៌មាននេះ បន្តិចក្រោយមកស្រាប់តែមានប្រិយមិត្តដែលទស្សនាការផ្សាយផ្ទាល់នោះ មានបងប្រុស LIM LYHEAK បានផ្ញើថវិកាផ្ទាល់ខ្លួនចំនួន 20$ និងបងប្រុស TOUCH VATTANAK ផ្ញើថវិកាផ្ទាល់ខ្លួនចំនួន 50$ សរុបចំនួន 70$ រួមទាំងលក់បុរសអ្នកលក់ត្រី ២០ម៉ឺនរៀលទៀត សរុបទាំងអស់ 120$ ដើម្បីសងថ្លៃខូចខាតទៅអោយភាគីខាងរថយន្ត ។

    ក្រោយពេលកើតហេតុ ភាគីខាងរថយន្តក៏ព្រមទទួលយកលុយសរុប 120$ ពីភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានយើង និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើផងដែរ ។

    ក្រោយពីបញ្ចប់រឿងហើយ បុរសអ្នកលក់ត្រីខាងលើ បានថ្លែងអំណរអរគុណដល់បងៗអ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយដំណឹងនេះ រហូតមានសប្បុរសជនជួយផ្ដល់ថវិការជួយគាត់ ជាពិសេសគាត់បានថ្លែងអំណរអរគុណដល់បងប្រុសទាំងពីរនាក់ខាងលើ ដែលបានផ្ដល់ជាថវិកាផ្ទាល់ខ្លួនជួយគាត់ពេលមានបញ្ហានិងមិនមានលទ្ធភាពគ្រប់គ្រាន់សងគេនោះ និងបានជូនបុណ្យកុសលដែលគាត់បានសាងនេះ តបស្នងដល់ម្ចាស់ទានដែលជួយគាត់បានសុខសប្បាយនិងទៅណាមកណាមានអំពើល្អតាមជួយថែរក្សាផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: