រថយន្តកាម៉ារីបាឡែនបោះពួយលឿនដូចហោះទៅបុករថយន្តកុងតឺន័រពីក្រោយ រថយន្តខ្ទេចវល់មើលមិនយល់ ឯម្ចាស់រថយន្តបាឡែនចុះពីរថយន្តទាំងរបួស ដើរគេចខ្លួនបាត់ បន្សល់រថយន្តនៅកណ្តាលផ្លូវ
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់ រថយន្តកាម៉ារីបាឡែនបោះពួយលឿនដូចហោះ ទៅបុកពីក្រោយរថយន្តសណ្ដោងកុងតឺន័រ បណ្ដាលឲ្យរថយន្តកាម៉ារីបាឡែនខ្ទេចស្ទើរទាំងស្រុង និងបណ្ដាលឲ្យតៃកុងរងរបួស ហើយបានដើរគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់រថយន្តកណ្ដាលផ្លូវ ។ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនេះបានកើតឡើងនៅចំណុចមុខរោងចក្រស្រាបៀរកម្ពុជា លើកំណាត់ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3F-2025 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពី ត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបម្រុងនឹងអែបចូលស្ដាំចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB-0187 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរស្របគ្នាមកពីក្រោយ ក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹងពីក្រោយបញ្ឈិតចំហៀងខាងឆ្វេងរថយន្តកុងតឺន័រ បណ្ដាលឲ្យចំហៀងរថយន្តបាឡែនខាងស្ដាំខូចខាតខ្ទេចខ្ទីស្ទើរទាំងស្រុង ចំណែកឯម្ចាស់រថយន្តបាឡែនបានចុះពីរថយន្តដើរចេញពីកន្លែងកើតហេតុ ទាំងមានរបួសបែកឈាមប្រលាក់ខ្លួន តែត្រូវមានរថយន្តផ្សេងមកដឹកយកទៅមន្ទីរពេទ្យបាត់ទៅ រីឯតៃកុងរថយន្តកុងតឺន័រវិញបានអែបចូលស្ដាំដៃហើយចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចជំនាញក្រុង ចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត