ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំង​ជិត​៣០០​នាក់​បន្ថែម​ទៀត​ ដើម្បី​ចេញ​ជួយ​កម្លាំង​នគរបាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​រឹត​បន្តឹង​ពង្រឹង​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​

    BY Khmernote Media February 27, 2021
    កម្លាំង​ជិត​៣០០​នាក់​បន្ថែម​ទៀត​ ដើម្បី​ចេញ​ជួយ​កម្លាំង​នគរបាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​រឹត​បន្តឹង​ពង្រឹង​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​

    ​ភ្នំពេញ​ ៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បញ្ចេញ​កម្លាំង​ជិត​៣០០​នាក់​បន្ថែម​ទៀត​ ដើម្បី​ប្រើប្រាស់​ជួយ​ដល់​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ទៅ​លើ​ការងារ​ពង្រឹង​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ទីតាំង​ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ ឱ្យ​បាន​គត់​មុត​ទប់ស្កាត់​ចំពោះ​បុគ្គល​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ចង់​គេចវេស​មិន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ គ្រា​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទើបបាន​ប្រកាស​ឱ្យ​ដឹង​ថា​ ទីតាំង​ផ្ទុះ​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ បាន​កើនឡើង​ដល់​៧៥​កន្លែង​នោះ​ហើយ​ ។​

    ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​បន្ថែម​កម្លាំង​ទៅ​ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជូន​ដល់​លោក​ស្នង​លោកស្រី​ស្នងការ​រង​ និង​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំ​១៤​ ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ ក្រោម​វត្តមាន​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ។​

    ​ឯកឧត្តម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ដាក់​ផែនការ​ និង​បទបញ្ជា​ទៅ​លោក​លោកស្រី​ស្នងការ​រង​ និង​លោក​អធិការ​ទាំង​១៤​ខណ្ឌ​ ត្រូវ​ដឹកនាំ​កម្លាំង​ការពារ​ទី​តាំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​៧៥​កន្លែង​ ចុះ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ​។​ ក្នុង​ករណី​នៅ​ពេល​បំពេញភារកិច្ច​កម្លាំង​ការពារ​ធ្វេសប្រហែស​បង្ក​ឱ្យ​បុគ្គល​ធ្វើ​ច​ត្តា​ឡី​ស័ក​រត់គេច​ មិន​បាន​ទប់ស្កាត់​ទាន់​ពេលវេលា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ថ្នាក់លើ​ និង​ចំពោះ​មុខ​ច្បាប់​។​

    ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ណែនាំ​ដល់​កម្លាំង​ការពារ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​ក្នុង​ករណី​ដែល​មាន​ជនបរទេស​មិន​ស្តាប់​ ឬ​រឹងទទឹង​មិន​អនុវត្ត​តាម​អាជ្ញាធរ​ដែនដី​ និង​គ្រូពេទ្យ​ ត្រូវ​ចូល​វាយ​ខ្នោះ​ហើយ​សុំ​គោល​ការ​ថ្នាក់លើ​បញ្ជូន​ទៅ​អគ្គ​នាក​ដ្ឋា​ន​អន្តោប្រវេសន៍​ដើម្បី​រៀបចំ​ឯកសារ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​សូម​បញ្ជាក់​ថា​ ជុំវិញ​បញ្ហា​បុគ្គល​មិន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​នៃ​ការ​ទប់ស្កាត់​កុំឱ្យ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ភ្លើង​ខៀវ​លើ​ការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​មិន​អនុវត្ត​តាម​វិធាន​របស់​សុខា​ភិ​ បាល​កម្ពុជា​ ។​ ការ​ផ្តល់​ភ្លើង​ខៀវ​លើ​ការ​អនុវត្ត​ច្បាប់​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​សំណើសុំ​គោលការណ៍​អនុវត្ត​ច្បាប់​ ចំពោះ​បុគ្គល​មិន​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​,​ បុគ្គល​គេចវេស​មិន​ព្រម​ចូល​ព្យាបាល​ ឬ​មិន​សហការ​ផ្តល់​កិច្ច​ សម្ភាសន៍​និង​ទីតាំង​ដែល​មិន​សហការ​ផ្តល់​ព័ត៌មាន​ស្រាវជ្រាវ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ បន្ថែម​ លើ​អនុ​ក្រិ​ត្យ​លេខ​២៧​ អន​ក្រ​.​ បក​ ។​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ទប់​ ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​សហគមន៍​ រាជរដ្ឋាភិបាល​យល់ព្រម​ជា​គោលការណ៍​ឲ្យ​អនុវត្ត​នូវ​វិធាន​ ការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល​ និង​ទីតាំង​ដែល​មិន​សហការ​ ។​ វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​យល់ព្រម​លើ​ចំ​ ណាត់​ការ​បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធាន​សុខាភិបាល​រួម​មាន​៖​ ទី​១,​ចំពោះ​ជនបរទេស​ ត្រូវ​បណ្តេញចេញ​ ពី​កម្ពុជា​ និង​ហាម​ចូល​ប្រទេស​សារ​ជា​ថ្មី​ ។​ ទី​២,​ចំពោះ​ជនជាតិ​ខ្មែរ​ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​និង​ទី​៣,​ ចំពោះ​ទីតាំង​ ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​នោះ​ចោល​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: