រដ្ឋបាលខេត្តកំពង់ចាម ធ្វើការបកស្រាយករណីមន្ត្រីសុខាភិបាលចុះនាំក្រុមជនជាតិចិន និងក្រុមកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅមជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ យកមកដាក់នៅដាច់ដោយឡែក
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងអំពី ករណីមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះនាំជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅ មជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម មកពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ១៩។

ដើម្បីជៀសវាងនូវការយល់ច្រលំ ឬបកស្រាយខុសទាក់ទងនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាំ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារមានការសង្ស័យទៅលើជនជាតិចិន ០៨នាក់ ដែលទើបត្រឡប់មកពីភ្នំពេញ ហើយមានប្រវត្តិធ្លាប់ចេញ-ចូល នៅរាជធានីភ្នំពេញ ជាមួយគ្នានេះ តាមការសាកសួររបស់មន្ត្រីសុខាភិបាលទៅលើជនជាតិចិនទាំង ០៨រូបនោះ ពួកគាត់បានផ្តល់ព័ត៌មានមិនច្បាស់លាស់។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារចម្លងនៃវីរុសកូវីដ១៩។ រដ្ឋបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត នាំជនជាតិចិន ២១នាក់ និងកម្មករសំណង់ខ្មែរ ៣៤នាក់ (សរុប ៥៥នាក់) ដែលកំពុងសាងសង់នៅមជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម យកមកដាក់នៅដាច់ដោយឡែក ក្នុងមជ្ឍមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យសុខភាព និងយកសំណាក ក្នុងការធានាបាននូវសុវត្ថិភាព និងកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍។
នៅពេលដែលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានលទ្ធផលដែលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាមិនមានករណីវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្តនឹងអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅបំពេញការងារតាមធម្មតាវិញ៕

