Top News ! សម្តេចតេជោ ហ៊ុន សែន គ្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលផលិតនៅឥណ្ឌា ឈ្មោះ AstraZeneca នៅថ្ងៃទី៤ មីនា ខាងមុខនេះ
- BY
- Sovann
- February 28, 2021
នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook ថាកម្ពុជានឹងទទួលបាន វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

សម្តេចបានសរសេរសារនៅលើ Facebook ថា៖ បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។
កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។
ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕
- Share This Post:






