គិតត្រឹមព្រឹកថ្ងៃទី១ ខែមីនានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនដល់៣១៦នាក់ ក្នុងនោះមានជនជាតិខ្មែរ២៨នាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់៣១៦នាក់ ក្នុងនោះមានបុរស១៥៧នាក់ និងស្ត្រី១៥៥។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំង៣១៦នាក់នោះមាន៖ រួមមានជនជាតិខ្មែរ២៨នាក់, ចិន២៤៧នាក់, វៀតណាម២៦នាក់, កូរ៉េ០២នាក់, ជប៉ុន០១នាក់, សិង្ហបុរី០១នាក់ និងម៉ាឡេស៊ី០១នាក់។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី ១៥នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។ ករណីវិជ្ជមានខាងលើ មាន១៤នាក់ បានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងម្នាក់ទៀតជាករណីនាំចូល។ តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៨២០ករណី ក្នុងនោះអ្នកជំងឺ៤៧៧នាក់ បានជាសះស្បើយ៕

ប្រភព៖ ក្រសួងព័ត៌មាន