ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បដិសេធ និងបកស្រាយចំពោះព័ត៌មានមិនពិតផ្សាយលើសង្គមហ្វេសប៊ុកថា «ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចចុះរុះរើរោងចេញវិញភ្លាម»
ក្រុមការងារព័ត៌មាន ប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម សូមធ្វើការបដិសេធ ចំពោះខ្លឹមសារព័ត៌មានដែលគេហទំព័រហ្វេសប៊ុកឈ្មោះ “ សារព័ត៌មានជាន់ខ្ពស់” បានធ្វើការចុះផ្សាយកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងត្រូវបានចែករំលែកផ្សព្វផ្សាយជាបន្តបន្ទាប់នូវមាតិកាព័ត៌មាន “គួរឱ្យសោកស្តាយណាស់! ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម ដោយសារតែកាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះ ដែលករណីចុះរុះរើរោងការនេះ បានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” ។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវចំពោះករណីខាងលើនេះ ទទួលបានជាលទ្ធផលឃើញថា ៖
-ដោយយោងតាមការសាកសួរ និងការអះអាងបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន(ភូមិ-ឃុំ) និងប្រជាពលរដ្ឋនៅចំណុចភូមិ-ឃុំខាងលើ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ គឺពុំមានការរៀបចំពិធីមង្គលការ បុណ្យ ឬ ពិធីជប់លៀង អ្វី នោះឡើយ ។
-ស្នងការដ្ឋានគរបាលខេត្តកំពង់ចាម សូមចាត់ទុកថា ម្ចាស់គេហទំព័រហ្វេសប៊ុកខាងលើ មានចេតនាទុច្ចរិតតាក់តែងខ្លឹមសារព័ត៌មាន និងរូបភាពកាត់ត បម្រើប្រយោជន៍បុគ្គល ឬបក្ខពួកមួយក្រុម ឬបង្កចលាចលសង្គម នាំឲ្យមហាជនមានការភ័ន្តច្រឡំមកលើការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ឬការអនុវត្តតួនាទី ភារកិច្ចរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
-ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំចំពោះព័ត៌មានក្លែងក្លាយផ្ទុយពីការពិតនេះ និងសូមចៀសវាងការចែករំលែកបន្ត ដែលអាចបង្កការលំបាកក្នុងការស្រាវជ្រាវរបស់ជំនាញ ដើម្បីនាំខ្លួនជនទុច្ចរិតខាងលើមកអនុវត្តនីតិវិធី និងក៏អាចប្រឈមមុខចំពោះការស្រាវជ្រាវរបស់មន្ត្រីជំនាញផងដែរ ៕ សូមអរគុណ !


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ