ប្រជាពលរដ្ឋយកគ្រាប់មីនតោន ដែលពួកគាត់រាវរកឃើញនៅក្នុងដីចំការមកព្យួរនៅមែកឈើក្បែរផ្លូវ ដើម្បីកុំឱ្យក្រុមជំនាញស៊ីម៉ាក់ពិបាករាវរុករក
យោងតាមការបញ្ជាក់ពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា ប្រជាពលរដ្ឋបានយកគ្រាប់មីនតោន ដែលពួកគាត់រាវរុករកឃើញនៅក្នុងដីចំការរបស់គាត់មកព្យួរនៅមែកឈើក្បែរផ្លូវហ្នង! កុំឱ្យក្រុមជំនាញស៊ីម៉ាក់ពិបាករាវរុករក!

នៅពេលហៅពួកគាត់មកជួប គាត់បានប្រាប់ថា ពួកគាត់បានប្រមូលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះពីដីចំការរុករានថ្មីរបស់ពួកគាត់ស្អាតអស់ហើយ គ្មានបញ្ហាគ្រាប់មីនកប់ដីស្អីទៀតទេ។ គាត់ថាពួកគាត់ក៏មានជំនាញរឿងមីននេះ ទាំងដាក់ទាំងដោះ ចេះតាំងពេលធ្វើទាហាននៃថ្ងៃចូលទ័ពឯណោះកុំព្រួយពេក! ស៊ីម៉ាក់គ្រាន់តែជួយយកទៅកំទេចចោល បានហើយមិនបាច់ពិបាកអីទេ!! ។
ក្រុមជំនាញស៊ីម៉ាក់ មិនអាចពឹងផ្អែកតែលើព័ត៌មានផ្ទាល់មាត់នេះទេ នៅពេលឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីនដែលប្រជាពលរដ្ឋរុករកឃើញនោះគឺជាភស្តុតាងកាន់តែច្បាស់លាស់ណាស់ថាតំបន់នោះជាតំបន់ចំការមីនយ៉ាងពិតប្រាកដ។ ផ្ទៃដីចំការមីន/គ្រាប់មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមអាចមានសុវត្ថិភាពល្អបាន លុះត្រាតែមានការបោសសំអាតដោយប្រើប្រាស់សំភារ:បច្ចេកទេសសមស្រប មាននីតិវិធីត្រឹមត្រូវ និងការត្រួតពិនិត្យច្បាស់លាស់ ទើបធានាសុវត្ថិភាពបាន១០០%។
ជាការឆ្លើយតបជាមួយការអះអាងរបស់ពួកគាត់ថា “គ្មានបញ្ហាគ្រាប់មីនទៀតទេដីនេះ ព្រោះពួកគាត់កកាយយកអស់ហើយនោះ” កំលាំងក្រុមជំនាញស៊ីម៉ាក់ក៏ចាប់ផ្តើមបើកផ្លូវសុវត្ថិភាពរាវចូលក្នុងតំបន់ដីនេះ ក៏ប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីចំនួន២គ្រាប់ទៀត និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមមួយចំនួនទៀត។ ភ្លាមៗនោះពួកគាត់ចាប់ផ្តើមយកដៃអេះក្បាលនិងបន្ទោសគ្នាគាត់ថា “ថាប្រយត្ន័សល់ផ្ទុះងាប់ សល់មែន”!! ។ រួចដើរគេចខ្លួនបាត់ស្រមោលតែម្តងទៅ! ទុកឱ្យកំលាំងស៊ីម៉ាក់បន្តភារកិច្ចរបស់ខ្លួនតាមនីតិវិធី។
ជាថ្មីម្តងទៀត សូមអំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការប្រថុយប្រថានឈូសឆាយ និងរុករានដីតំបន់មានសំណល់គ្រាប់មីន ដោយគ្មានការបោសសំអាតគ្រាប់មីនពីអង្គភាពជំនាញ ព្រោះនឹងបង្កគ្រោះថ្នាក់ស្លាប់ខ្លួនឯងនិងអាចបង្កស្លាប់របួសអ្នកដទៃ ព្រមទាំងខាតបង់ទ្រព្យសម្បតិ្តផងដែរ។
(រូបភាពមកពីតំបន់ប្រាសាទក្រហម ខេត្តឧត្តរមានជ័យថ្ងៃទី០១ មីនា ២០២១)
