ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ញាក់សាច់! រកឃើញកន្លែងកែភេទខុសច្បាប់ទ្រង់ទ្រាយធំ២កន្លែង ជ្រកក្រោមស្លាកកែសម្ផស្ស ហើយប្រើប្រាស់ឱសថក្លែងក្លាយទៀត

    BY Khmernote Media March 4, 2021
    ញាក់សាច់! រកឃើញកន្លែងកែភេទខុសច្បាប់ទ្រង់ទ្រាយធំ២កន្លែង ជ្រកក្រោមស្លាកកែសម្ផស្ស ហើយប្រើប្រាស់ឱសថក្លែងក្លាយទៀត

    រាជធានីភ្នំពេញ៖ មន្រ្តីជំនាញអន្តរក្រសួង បានធ្វើការចុះឆែកឆេរ និងបិទទីតាំងកែភេទទ្រង់ទ្រាយធំ ជ្រកក្រោមការកែសម្ផស្សចំនួនពីរ កន្លែងក្នុងរាជធានីភ្នំពេញ ខណៈទីតាំងទាំងនេះជាម្ចាស់តែមួយ ហើយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងប្រើប្រាស់ឱសថក្លែងក្លាយ និងគ្មានច្បាប់។

    ប្រតិបត្តិការចុះបិទកន្លែងកែភេទ គឺបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដោយទីតាំងទាំងពីរនោះមានឈ្មោះ GANGNAM BEAUTY & CLINICS នេះ ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រ កាង Dr.Kang ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    កំឡុងពេលកំពុងដឹកនាំប្រតិបត្តិការឆែកឆេរ និងបិទទីតាំងកែសម្ផស្សខាងលើនេះ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឲ្យដឹងថា ការចុះឆែកឆេរនៅទីតាំងលួចកែភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំចូល រក្សាទុក ឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ដើម្បីលួចកែភេទពីបុរសទៅស្រ្តី ពីស្រ្តីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវខណ:ការកែភេទនេះគឺមានលក្ខណ:ទ្រង់ទ្រាយធំ។ លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយចុះប្រតិបត្តិការ អាជ្ញាធរបានធ្វើការឃាត់ខ្លួន និងសួរចម្លើយនូវម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលិក ជាជនជាតិវៀតណាម និងខ្មែរមួយចំនួនផងដែរ ហើយអ្នកជាប់ពាក់ព័ន្ធ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។

    បើតាមការបញ្ជាក់បន្ថែមពីលោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺមន្រ្តីបានរកឃើញឱសថជាច្រើនម៉ាកដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារវះកាត់ រួមទាំងលិង្គបុរស ដែលបានកាត់រួចដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួនផងដែរ ខណ:សម្ភារដែលរឹបអូសបាននេះ នឹងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញចាត់ការបន្ត។ នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ក៏មានការចូលរួមពីលោកព្រះរាជអាជ្ញារាជធានីភ្នំពេញ លោក មុត តារា និង អាជ្ញាធរមូលដ្ឋានផងដែរ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: