ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជន១ក្រុមជិះម៉ូតូតាមផ្លូវសុខៗ ត្រូវក្រុមក្មេងទំនើងដេញវាយ បណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់ម្នាក់

    BY Khmernote Media March 4, 2021
    យុវជន១ក្រុមជិះម៉ូតូតាមផ្លូវសុខៗ ត្រូវក្រុមក្មេងទំនើងដេញវាយ បណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់ម្នាក់

    រាជធានីភ្នំពេញ ៖ យុវជន៦នាក់ ជិះម៉ូតូ២គ្រឿងមកលេងផ្ទះបងប្អូនត្រូវបានក្មេងទំនើងមួយក្រុមទៀត ដេញវាយ បាញ់នឹងកាំភ្លើងខ្យល់ បណ្ដាលឱ្យភ័យដួលម៉ូតូរបួសធ្ងន់ម្នាក់ ផ្អើលដល់សមត្ថកិច្ច២ខណ្ឌ ចេញអន្តរាគមន៍ ដេញប្រផាប់ចាប់ប្រភីងក្រុមទំនើងនាំគ្នាជិះម៉ូតូរត់គេចបាត់ស្រមោលអស់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវ២០១១ ត្រង់ចំណុចជិតព្រំប្រទល់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    បើតាមសម្ដីរបស់ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ បានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនកើតហេតុ ជិះម៉ូតូ០២គ្រឿងគ្នា៦នាក់ ដោយសារតែពួកគាត់មានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង មកលេងផ្ទះបងប្អូននៅជិតកន្លែងកើតហេតុ ខណៈពេលធ្វើដំណើរតាមផ្លូវលេខ២០១១ ពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ស្រាប់តែមានក្រុមក្មេងទំនើងមានគ្នាជាង១០នាក់ ជិះម៉ូតូពី៥ទៅ៦គ្រឿង មានដាវ មានដំបង មានខ្សែក្រវ៉ាត់ ហើយមានកាំភ្លើងខ្យល់គ្រាប់សំណ ដេញវាយពួកគាត់ បណ្ដាលឲ្យគាត់ភ័យនាំគ្នាជិះរត់ ពេលដែលកំពុងជិះរត់ ស្រាប់តែបក្ខពួកក្រុមបង្កបានបាញ់កាំភ្លើងខ្យល់ទៅលើជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ័យជិះម៉ូតូដួលរងរបួសធ្ងន់ម្នាក់ ចំណែក២នាក់ទៀត ភ័យពេករត់បាត់ទៅ ។ ពេលនោះដែរ ស្របពេលដែលកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែល្បាតមកជិតដល់កន្លែងកើតហេតុ ប្រទះឃើញក៏ចេញអន្តរាគមន៍ ដេញប្រផាប់ចាប់ប្រផីង ទើបភាគីបង្កជិះរត់គេចខ្លួនបាត់អស់ទៅ ។

    បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលគេឃើញវត្តមានរបស់ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបញ្ជាដឹកនាំត្រួតពិនិត្យការងារអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានចុះមកបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ និងប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាង ខណ្ឌសែនសុខ ដែលជាមូលដ្ឋានកើតហេតុ នាំជនរងគ្រោះទៅបំភ្លឺនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ ដើម្បីស្រាវជ្រាវតាមចាប់ជនបង្កខាងលើនេះ យកមកផ្ដន្ទាទោសតាមច្បាប់ ។

    សូមបញ្ជាក់ជូនថា ដោយមើលឃើញថាសកម្មភាពក្រុមក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាកំរើកឡើងវិញ បន្ទាប់ពីរយៈពេលចុងក្រោយ គេមើលឃើញថាក្មេងទំនើងបានធ្វើសកម្មភាពអំពើវាយតប់គ្នា និងឈានទៅធ្វើអំពើឆក់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋទៀតនោះផង។ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដាក់ចេញនូវវិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម ។ ក្នុងកិច្ចប្រជុំលោកស្នងការរង លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌ និងលោកអធិការនគរបាលខណ្ឌមួយចំនួន ក៏បានលើកឡើងពីបញ្ហាប្រឈមនៃការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងពិភាក្សាដាក់ចេញវិធានការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងនៅក្នុងមូលដ្ឋានឱ្យបានជាក់លាក់ និងមានការទទួលខុសត្រូវខ្ពស់ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ជម្រុញឱ្យលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារគ្រប់គ្រងមុខញ្ញាក្មេងទំនើង និងដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាព។ ក្នុងករណីក្មេងទំនើងបង្កជាបទល្មើសព្រហ្មទណ្ឌ ត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ ដោយមិនគិតថាក្មេងទំនើងនោះ ជាកូនអ្នកណានោះឡើយ។

    ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំលោកស្នងការរងទទួលផែនការងារសេនាធិការ និងលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ត្រូវចុះតាមដានត្រួតពិនិត្យពង្រឹងការងារ នៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្តីពីការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឱ្យបានត្រឹមត្រូវ ចៀសវាងការធ្វើរបាយការណ៍ភូតកុហក ពីមុខសញ្ញាក្មេងទំនើងនេះ។ ពាក់ព័ន្ធនិងវិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេល០១ឆ្នាំ គឺឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបក្មេងទំនើង ៦៨១ករណីឃាត់ខ្លួន១០៣៩នាក់។ ក្នុងនោះ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ ៥០៦ករណី និងករណីបង្កការអុកឡុក នៅក្នុងមូលដ្ឋាន ១៧៣ករណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: