យកគ្រឿងអលង្ការលក់ចាយអស់ ខ្លាចប្តីស្តីបន្ទោស បែកគំនិតប្រឌិតរឿងថាត្រូវចោរប្លន់
ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនព័ត៌មានបន្ថែ មទាក់ទងករណីដែលលើកឡើងថា មានជនប្រដាប់អាវុធចូលប្លន់លំនៅដ្ឋានយកទ្រព្យសម្បត្តិនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

កាលពីព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១ មានករណីឆោឡោមួយកើតឡើង ដោយសារស្រ្តីឈ្មោះ ម៉ៅ ចំរើន អាយុ៣៦ឆ្នាំរស់នៅក្រុមទី០៣ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ថា រូបភាត់ត្រូវបានជនល្មើសចំនួន០៣នាក់ប្រដាប់ដោយអាវុធខ្លីនិងកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិមានប្រាក់និងគ្រឿងអលង្ការ ហើយគេចខ្លួនបាត់។
ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរ សេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។
ឆ្លងតាមរយៈការស្រាបជ្រាវដោយយកចិត្តទុកដាក់បំផុតនោះទីបំផុតស្រ្តីឈ្មោះ ម៉ៅ ចំរើន ដែលអះអាងថាគាត់ជាជនរងគ្រោះនោះបានសារភាពថា អ្វីដែលរូបគាត់បានលើកឡើងថា មានក្រុមចោរប្រដាប់អាវុធចូលប្លន់ក្នុងលំនៅដ្ឋាននោះ គឺជារឿងដែលគាត់បានប្រឌិតឡើងតែប៉ុណ្ណោះ ដែលការពិតគឺមិនមានទេ។
ចំពោះមូលហេតុដែលគាត់ប្រឌិតរឿងបែបនេះឡើងដោយសារតែគាត់ខ្លាចប្តីរបស់គាត់ស្តីបន្ទោសត្បិត មួយរយៈចុងក្រោយនេះរូបគាត់យកប្រាក់និងគ្រឿងអលង្ការទៅលក់និងចាយវាយអស់ហើយ។
នៅចំពោះមុខបញ្ហានេះឈ្មោះ ម៉ៅ ចំរើន បានទទួលស្គាល់កំហុសដែលគាត់បានប្រឌិតឡើង បង្កឱ្យមានការភ្ញាក់ផ្អើល និងចលាចលក្នុងបរិយាកាសសង្គម។ ក្រៅពីការសុំអភ័យទោសជាសាធារណៈតាមរយៈឃ្លីបវីដេអូ រូបគាត់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាកុំឱ្យគាត់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀតមុននឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងសូមកុំមានការភាន់ច្រឡំ បន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕
