ករណីយុវតីម្នាក់កើតកូវីដ ទៅលេងផ្ទះនៅកំពង់ធំ និងចូលរួមបុណ្យសពជីតា ពេលនេះឆ្លងជំងឺកូវីដ-១៩ ទៅដល់ម្តាយហើយ
កាលពីម្សិលមិញនេះដែរ សេចក្តីប្រកាសព័ត៌មានមួយរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ លើយុវតីអាយុ១៦ឆ្នាំម្នាក់ ដោយនាងបានធ្វើដំណើរទៅលេងផ្ទះនៅក្នុងភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយបានជួបជាមួយម្តាយ បងប្រុស និងចូលរួមបុណ្យសពជីតា ដែលបានស្លាប់រយៈពេល២ថ្ងៃជាប់គ្នា។ នៅព្រឹកមិញនេះដែរ ម្តាយរបស់នាងដែលមានអាយុ៣៧ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ពីកូនស្រីដែរ។

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីម្សិលមិញបានរៀបរាប់ថា៖ ការរកឃើញវិជ្ជមានកូវីដ-១៩ លើយុវតីខាងលើ ត្រូវបានចេញលទ្ធផលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នយុវតីរូបនេះត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយ៍-សន្ទុក។ អ្វីដែលចាប់អារម្មណ៍នោះគឺ យុវតីឈ្មោះ ឡេង មីងហួយ បានធ្វើដំណើរតាមរថយន្តក្រុង របស់ក្រុមហ៊ុន ចាន់ ម៉ូលី ពីបេនឡានមហោស្រប ដោយមានអ្នកដំណើរជាមួយប្រមាណ២០នាក់ រហូតដល់ផ្សាររំលង ស្រុកតាំងគោក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។
លុះនៅថ្ងៃទី២៨ ខែកុម្ភៈ នាងបានជួបជុំជាមួយម្តាយឈ្មោះ អ៊ា យ៉ុម អាយុ៣៧ឆ្នាំ និងបងប្រុសឈ្មោះ ឡេង រ៉េត អាយុ១៩ឆ្នាំ ។ នៅថ្ងៃទី០១ ខែមីនា នាងបានធ្វើដំណើរទៅសួរសុខទុកជីតានៅផ្ទះ និងអ្នកជុំវិញផ្ទះនោះ។ រហូតដល់ថ្ងៃទី០២ ខែមីនា នាងបានចូលរួមបុណ្យសពជីតា (ដែលបានស្លាប់) ដែលមានអ្នកចូលរួមប្រមាណ៥០នាក់។ នៅថ្ងៃទី០៣ ខែមីនា នាងក៏បានចូលរួមហែរសពជីតាទៅកាន់វត្តគិរីអណ្តែត ដែលមានអ្នកភូមិចូលរួមប្រមាណ៥០នាក់ថែមទៀតផង។
រដ្ឋបាលខេត្តកំពង់ធំ ក៏បានយកសំណាកអ្នកប៉ះពាល់ផ្ទាល់ ចំនួន២៥នាក់ និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា គិរីអណ្តែត ចំណែកឯអ្នកប៉ះពាល់ប្រយោល ត្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ដោយមានការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាន។ ក្នុងនោះដែររដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធនឹងបុគ្គលិកនេះ គិតចាប់ពីថ្ងៃ២៨ ខែកុម្ភៈ សូមសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទៅពិនិត្យសុខភាព យកសំណាក និងធ្វើចត្តាឡីស័ក ឲ្យបានឆាប់បំផុត៕

