សិល្បៈ

អ្នកនាង សុគន្ធ នីសា បានរៀបរាប់តាមទូរស័ព្ទឲ្យដឹងពីអាការៈ ក្រោយឆ្លងកូវីដ១៩​ ធ្វេីទុក្ខអ្វីខ្លះចំពោះសុខភាព

BY
Khmernote Media
March 10, 2021

នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១នេះ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។ ក្រោយពីការប្រកាសវិជ្ជមានកូវីដ១៩ជាសាធារណៈរួចមក នៅវេលាម៉ោងប្រមាណ២រសៀល មន្ត្រីសុខាភិបាលបានបើកឡានពេទ្យធ្វើដំណើរមកយកអ្នកនាង សុគន្ធ នីសា នៅគេហដ្ឋាន ដើម្បីយកទៅព្យាបាលជំងឺផងដែរ។

តាមរយៈកិច្ចសម្ភាសន៍របស់អ្នកនាង សុគន្ធ នីសា ជាមួយសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា សុខភាពរបស់អ្នកនាងមិនឡើងកំដៅទៀតទេ ប៉ុន្តែវាធ្វើអោយអ្នកនាងសាបមាត់ ហើយមុនពេលលទ្ធផលតេស្តវិជ្ជមាន អ្នកនាងមានអាការៈឡើងកំដៅខ្លាំងដល់៣៧អង្សា និងបន្តឡើងកំដៅរហូតដល់ ៣៨អង្សាជាង ទោះលេបថ្នាំក៏អត់ថយកំដៅដែរ ហើយពេលឡើងកំដៅខ្លាំងវាធ្វើឲ្យឈឺក្បាល ស្រដៀងអាការៈជំងឺគ្រុន ទោះព្យាយាមផឹកថ្នាំក៏អន់ថយកំដៅត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកនាងបន្តទៀតថា សុខភាពរបស់នាងមិនទាន់មានអាការៈថប់ដង្ហើម និងអស់កំលាំងនោះទេ គ្រាន់តែឡើងកំដៅខ្លាំង ឈឺក្បាល និងក្អកក ហើយអ្នកនាងក៏ទទួលបានថ្នាំពីក្រុមគ្រូពេទ្យសម្រាប់ទទួលទានរួចរាល់ផងដែរ។ អ្នកនាង សុគន្ធ នីសា ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នរឿងជំងឺកូវីដ១៩នេះះ ហើយអ្នកនាងក៏បានថ្លែងអំណគុណដល់ក្រុមគ្រូពេទ្យ ដែលនៅប្រចាំការចាំជួយព្យាបាលអ្នកជំងឺ៕

Share This Post: