កូវីដ-១៩

ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨១នាក់ បូករួមទាំងពលករលួចឆ្លងចូលតាមព្រំដែនថៃ-ភូមាចំនួន ១១នាក់

BY
autoadmin
March 12, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ៨១នាក់ ដោយក្នុងនោះមាន ១១នាក់ ជាពលករខុសច្បាប់ ដែលបានចូលមកប្រទេសថៃតាមព្រំដែនថៃ-ភូមា និង ១៤នាក់ ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 នៅតែមាន ៨៥ នាក់ដដែល។

គិតត្រឹមថ្ងៃសុក្រចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៦,៦៧៩ នាក់ ដោយមាន ២៣,៧៧៧ នាក់ ​​ជាការចម្លងក្នុងសហគមន៍។ រហូតមកដល់ពេលនេះមានអ្នកជំងឺចំនួន ២៦,០៥៦ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ ហើយអ្នកជំងឺចំនួន ៥៣៨ នាក់ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំណែកនៅទូទាំងពិភពលោកមានអ្នកជំងឺ COVID-19 ថ្មីចំនួន ៤៧៧,៣០៦​ នាក់ ដែលនាំឱ្យចំនួនសរុបមានដល់ ១១៩.១២ លាននាក់ និងមានពលរដ្ឋ ២.៦៤ លាននាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: