កូវីដ-១៩

ប្រទេសថៃនៅថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៧៨នាក់ និងមានម្នាក់បាត់បង់ជីវិតផងដែរ

BY
autoadmin
March 15, 2021

មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ៧៨ករណី និងការស្លាប់ ១ នាក់បន្ថែមទៀត។ មជ្ឈមណ្ឌលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺថ្មីទាំងអស់ មានអ្នកជំងឺ ១៥នាក់ បានបានធ្វើដំណើរទៅតំបន់មានហានិភ័យខ្ពស់ដូចជា៖ ខេត្តតាក់ សាមុតសាខន សាមុតប្រាកាន ស៊ូផាន់បូរី និងទីក្រុងបាកក។ ដូច្នេះតួលេខថ្មីចុងក្រោយនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៧,០០៥នាក់ ចាប់តាំងពីជំងឺនេះមានវត្តមាននៅប្រទេសថៃកាលពីឆ្នាំមុន។

ចំណែកការស្លាប់ថ្មី ១ សម្រាប់របាយការណ៍នៅថ្ងៃនេះ គឺជាបុរសវ័យចំណាស់អាយុ ៨៨ឆ្នាំ ដែលជាអ្នករស់នៅខេត្តផាថុមថានី ហើយគាត់គឺជាករណីទី ៨៧ ហើយដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសថៃ។ គិតត្រឹមថ្ងៃច័ន្ទនេះប្រទេសថៃមានអ្នកជំងឺ ​COVID-19 សរុបចំនួន ២៧,០០៥នាក់ ដោយក្នុងនោះមានករណីចំនួន ២៤,០៧៤ គឺជាការចម្លងក្នុងសហគមន៍។ ប្រទេសនេះក៏បានព្យាបាលអ្នកជំងឺចំនួន ២៦,២៣៤នាក់ ឱ្យបានជាសះស្បើយ ហើយនៅសល់អ្នកជំងឺប្រមាណ ៦៨៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: