គ្រាន់តែអន្ទិត កក្កដា សុភ័ណ្ឌ ម្នាក់ រកឃើញអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាង៣០០នាក់ ខណៈភូមិដែលរៀបចំមង្គលការនោះមានពលរដ្ឋសរុប ជិត១ពាន់នាក់
យោងតាមការបញ្ជាក់ពី រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាល នៅព្រឹកថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន។

ក្នុងនោះដែររដ្ឋបាលស្រុកសំរោង បានធ្វើការរាយការណ៍ជុំវិញការរកឃើញអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាមួយបុគ្គលរូបនេះ ដោយមានអ្នកប៉ពាល់ផ្ទាល់ចំនួន២៥នាក់ និងប្រយោល៣៥៥នាក់ ខណៈដែលភូមិដែលរៀបចំអាពាហ៍ពិពាហ៍ គឺភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាពលរដ្ឋរស់នៅចំនួន២០២គ្រួសារ ដែលមានប្រជាពលរដ្ឋសរុប ៨៩៥នាក់។ ក្នុងនោះដែរក៏មានភូមិដែលប៉ះពាល់ចំនួន៥ភូមិទៀត នៅក្នុងឃុំសំរោង ខេត្តតាកែវផងដែរ។
សូមបញ្ជាក់ផងដែរ មង្គលការខាងលើ ត្រូវបានអ្នកកំដរកូនកម្លោះមានឈ្មោះ កក្កដា សុភ័ណ្ឌ ទទួលលទ្ធផលវិជ្ជមាននូវជំងឺកូវីដ-១៩ តាមការបញ្ជាក់ពីគណនី ហ្វេសប៊ុក កក្កដា សោភ័ណ្ឌ ម្ចាស់សាម៉ីខ្លួនផ្ទាល់….។ ត្រូវអនុវត្ត នូវវិធានការ ៣ការពារ និង៣កុំ។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រោយមានអាការៈមិនស្រួលខ្លួនខុសប្លែកពីធម្មតា ហើយទៅធ្វើតេស្តក៏ទទួលបានលទ្ធផលបែបនេះតែម្តង៕

