កូវីដ-១៩

ចំនួនករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានហក់ឡើងដល់ ២៤៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
March 17, 2021

ប៉ុន្មានរយៈចុងក្រោយនេះគេឃើញថា ប្រទេសថៃមានការកើនឡើងនៃការឆ្លងជំងឺ COVID-19 យ៉ាងគួរឱ្យកត់សម្គាល់ ហើយជាក់ស្ដែងបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នារសៀលថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ២៤៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បូករួមទាំងការស្លាប់ថ្មីបន្ថែមម្នាក់ទៀតផងដែរ។ នៅក្នុងចំណោមការឆ្លងថ្មីៗទាំងអស់ គឺមានតែ ៦នាក់ ប៉ុណ្ណោះដែលជាករណីនាំចូល ហើយក្រៅពីនោះគឺត្រូវបានរកឃើញតាមរយៈការចុះយកសំណាកចំនួន ១៦៣ករណី និងរបាយការណ៍ពីមន្ទីរពេទ្យចំនួន ៧៩ករណី។

គិតត្រឹមថ្ងៃពុធនេះប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២៧,៤០២ នាក់ ដោយក្នុងនោះមាន ២៤,៤៦០ នាក់ ជាការចម្លងក្នុងសហគមន៍ និងមានអ្នកស្លាប់សរុបទាំងអស់ ៨៨ នាក់។ គិតមកទល់ពេលនេះមានអ្នកជំងឺចំនួន ២៦,៣៣៩ នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ ខណៈមានអ្នកជំងឺ ៩៧៥នាក់ នៅកំពុងសម្រាកព្យាបាលនៅឡើយ។ ចំណែកនៅទូទាំងពិភពលោកគឺមានករណីថ្មីចំនួន ៤៤៨,៥៩៩ ករណី និងការស្លាប់ថ្មី ៩,៨៣០ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ១២១.២៣ លាននាក់ និងការស្លាប់សរុប ២.៦៨ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: