អភិបាលខណ្ឌទួលគោក យកអំណោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនគ្រួសារ អ្នកជំងឺទី៣ ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩
នាយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារសពលោក អ.ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ និងបាននាំយកអំណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ៖ ថវិកាចំនួន ៥.០០០.០០០ រៀល, អង្ករ ១៥០គីឡូក្រាម, មី ៣កេស, ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ, ទឹកសុទ្ធ ៣កេស, ទឹកក្រូច ៣កេស និងគ្រឿងឧបភោគបរិភោគ និងបានណែនាំអោយបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

គួរបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ ឈ្មោះ គឹម ឃីស៊ុន មានអាសយដ្ឋាន នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ដោយគាត់ជាជនរងគ្រោះទី៣ នៅកម្ពុជា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩៕






