ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន ១៣៤នាក់ ហើយភាគច្រើនគឺរកឃើញនៅទីក្រុងបាងកក
- BY
- autoadmin
- March 26, 2021
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ បានរាយការណពីករណីជំងឺ COVID-19 ថ្មីចំនួន ១៣៤ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមានករណីចំនួន ១២៨ ជាការចម្លងក្នុងសហគមន៍ និង ៦នាក់ ជាការនាំចូលពីបរទេស។ តួលេខថ្មីៗនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៨,៥៧៧ ករណី ហើយពុំមានករណីស្លាប់ថ្មីត្រូវបានគេកត់ត្រានោះទេ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៩២ នាក់ដដែល។

ទីក្រុងបាងកកនៅតែជាចំណុចកណ្ដាលនៃការឆ្លងថ្មីៗ ដោយទីក្រុងនេះតែមួយគឺមានករណីរហូតដល់ទៅ ៩៨នាក់ ជាមួយនឹងករណីចំនួន ៨២ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកពីបុគ្គលិកសុខាភិបាល និង ១៦នាក់ បានទៅធ្វើតេស្ដជំងឺ COVID-19 ដោយខ្លួនឯងនៅតាមមន្ទីរពេទ្យ។ ជម្រាបដែរថា ក្នុងចំណោមករណីជំងឺ COVID-19 សរុបទាំងអស់របស់ប្រទេសថៃ មានអ្នកជំងឺចំនួន ២៧,០៣២ នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះរួចហើយ ខណៈអ្នកជំងឺចំនួន ១,៤៥៣ នាក់ គឺកំពុងសម្រាកព្យាបាលនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






