ឃើញធ្វើការនៅក្រុមហ៊ុន Apple គិតថាឡូយណាស់ ប៉ុន្ដែធាតុពិតបុគ្គលិកភាគច្រើនរកតែលុយទិញផ្ទះមិនចង់បានផង
- August 8, 2018
ដើម្បីក្លាយជាបុគ្គលិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សប្រចាំ Silicon Valley ដូចជា Apple, Google, Facebook រឺ Intel ជាដើម គឺអ្នកត្រូវមានសមត្ថភាពខ្ពស់ និងប្រឈមទៅនឹងបញ្ហាច្រើន។ ដោយឡែក សម្រាប់ក្រុមហ៊ុន Apple ក៏ដូចគ្នា ថ្វីបើគ្រប់គ្នាគិតថាបុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេលើពិភពលោកបែបនេះ ច្បាស់ជាទទួលបានប្រាក់ខែច្រើនហើយ ប៉ុន្ដែវាមិនមែនជាការពិតនោះទេ ព្រោះយោងតាមការស្ទង់មតិក្នុងសប្ដាហ៍នេះ បានបង្ហាញថាបុគ្គលិកភាគច្រើនដែលទទួលបានប្រាក់ខែខ្ពស់ក៏នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះក្នុងទីក្រុង San Francisco ដែរ។

សម្រាប់បុគ្គលិកប្រមាណជា 2,300នាក់ដែលរួមបញ្ចូលទាំងថ្នាក់ដឹងនាំដែរនោះ បានយល់ព្រមក្នុងការស្ទង់មតិ ហើយភាគច្រើននៃពួកគេគឺអាចទិញផ្ទះក្នុង Bay Area បាន។ ប៉ុន្ដែ 63ភាគរយនៃអ្នកទាំងនោះបានលើកឡើងថា តម្លៃផ្ទះក្នុងតំបន់គឺខ្ពស់ខ្លាំងណាស់ ពោលគឺសម្រាប់អ្នកដែលមានប្រាក់ខែល្មមៗគឺមិនអាចទិញបានឡើយ។
យោងតាមគេហទំព័រ Zillow ចំពោះតម្លៃផ្ទះដែលស្ថិតក្រោម Silicon Valley មានដូចជា San Francisco, Marin និង Alameda គឺជាធម្មតាមានតម្លៃខ្ទង់ 1លានដុល្លារ ហើយសម្រាប់ទីក្រុង Alameda គឺជាមានតម្លៃទាបជាងគេខ្ទង់ $947,000 ប៉ុណ្ណោះ ស្របពេលជាមួយនឹងតម្លៃផ្ទះក្នុងទីក្រុង San Francisco គឺមានតម្លៃដល់ $1.36លានដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថា បុគ្គលិករបស់ក្រុមហ៊ុន Apple ដែលទទួលបានប្រាក់ខែខ្ពស់បំផុតគឺមានតែផ្នែកមួយចំនួនប៉ុណ្ណោះដូចជា អ្នកគ្រប់គ្រងវិស្វកម្មផ្នែក software ($186,049) វិស្វករ software ជាន់ខ្ពស់ ($164,046) អ្នកគ្រប់គ្រងវិស្វកម្មឧស្សាហកម្ម ($163,613) វិស្វករ hardware ($149,109) និង ($130,395) សម្រាប់វិស្វករធានាគុណភាព។
គួរបញ្ជាក់ផងដែរថា សម្រាប់បុគ្គលិកធ្វើការគិតម៉ោងដូចជាផ្នែកសេវាកម្មអតិថិជនជាដើមគឺទទួលបានប្រាក់កម្រៃត្រឹម $14.07 ប៉ុណ្ណោះក្នុងមួយម៉ោង ប៉ុន្ដែអាចកើនឡើងដល់ $90 ក្នុងមួយម៉ោងទៅតាមផ្នែក និងឋានៈនៃបុគ្គលិកនោះ។
ប្រភព៖ idropnews
- Share This Post:










