សាកលវិទ្យាល័យជប៉ុនមួយ ចេញមុខសុំទោសជាសាធារណៈ ក្រោយធ្វើរឿងបែបនេះចំពោះសិស្សស្រីៗអស់រយៈពេលជិត២០ឆ្នាំ
ជប៉ុន៖ តំណាងសាកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូ នៅក្នុងទីក្រុងតូត្យូ ប្រទេសជប៉ុន បានចេញមុខធ្វើការសូមទោសជាសាធារណៈ បន្ទាប់ពីគេបានរកឃើញថា សាកលវិទ្យាល័យមួយនេះលួចកែពិន្ទុដោយលំអៀងទៅលើសិស្សប្រុស និងធ្វើឲ្យសិស្សស្រីធ្លាក់ច្រើន នៅពេលពួកគេប្រលងចូលរៀននៅក្នុងសាកលវិទ្យាល័យ។ តាមរយៈការស៊ើបអង្កេតរបស់ក្រុមមេធាវីជាច្រើននាក់បានបង្ហាញថា សាកលវិទ្យាល័យវេជ្ជសាស្រ្តតូក្យូបានអនុវត្តការកែពិន្ទុដោយលំអៀងទៅលើសិស្សប្រុស ដូចជាលួចកាត់ពិន្ទុពីបេក្ខជនប្រលង ដែលជាមនុស្សស្ត្រីចំនួន ២០ % និងបានលួចបន្ថែមពិន្ទុឲ្យបេក្ខជនជាសិស្សប្រុសម្នាក់ចំនួន ២០ ពិន្ទុជាដើម ដើម្បីឲ្យមានសិស្សប្រុសច្រើនបានចូលរៀននៅសាកលវិទ្យាល័យ ខណៈដែលជាធម្មតាសិស្សស្រីត្រូវធ្លាក់ក្នុងការប្រលងចូលរៀនច្រើនបំផុត។
ការស៊ើបអង្កេតបានរកឃើញទៀតថា សាកលវិទ្យាល័យមួយនេះបានអនុវត្តគោលការណ៍លំអៀងនេះអស់រយៈពេលជិត ២០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០០០ មក។ បើតាមលោក Tetsuo Yukioka សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបានសារភាពថា សាកលវិទ្យាល័យពិតជាបានធ្វើដូចការស៊ើបអង្កេតខាងលើពិតមែន ហើយការអនុវត្តគោលការណ៍លំអៀងនេះព្រោះតែសាកលវិទ្យាល័យយល់ឃើញថា សិស្សស្រីមិនអាចរៀនសូត្របានវែងឆ្ងាយនោះទេ ហើយនៅពេលដែលពួកគេបានក្លាយទៅជាវេជ្ជបណ្ឌិតក៏ពួកគេមិនអាចធ្វើការបានយូរអង្វែងដែរ ពោលគឺភាគច្រើននៃពួកគេនឹងបោះបង់ការងារនៅពេលពួកគេមានកូនផ្ទាល់ខ្លួន។ ឥវិយាបថមួយនេះ ត្រូវបានសាធារណៈជនមើលឃើញថា គឺជាការរើសអើងចំពោះស្ត្រីជាខ្លាំង៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail