បុរសខ្លាំង Duterte ចេញបញ្ជាឈប់ឲ្យចេញច្បាប់បង្កើតកាស៊ីណូទៀត ដោយសារតែលោកស្អប់ល្បែងស៊ីសង
ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយាថា គាត់ពិតជាស្អប់ល្បែងស៊ីសងណាស់ ហើយនៅក្នុងអណត្តិដឹកនាំរបស់គាត់ គាត់នឹងមិនអនុញ្ញាតឲ្យចេញច្បាប់សាងសង់កាស៊ីណូបន្ថែមទៀតនោះទេ។ ការថ្លែងដូចនេះត្រូវបានលោកធ្វើឡើងមួយថ្ងៃក្រោយពីការលុបចោលគម្រោងវិនិយោគបង្កើតការស៊ីណូថ្មីនៅក្នុងទីក្រុងម៉ានីល របស់ក្រុមហ៊ុន Landing International ដែលមានទំហំទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។ ក្រៅពីបានថ្លែងដូចខាងលើនេះ លោក Rodrigo Duterte ថែមទាំងស្នើឲ្យមានការពិនិត្យឡើងវិញ ចំពោះកិច្ចសន្យាវិនិយោគលើការសាងសង់កាស៊ីណូរវាងក្រុមហ៊ុន Landing ជាមួយនឹងរដ្ឋាភិបាលអណត្តិមុនផងដែរ ព្រោះលោកបានមើលឃើញថា កិច្ចសន្យាចាស់នោះហាក់មានរយៈពេលវែង តែបានផ្តល់ប្រាក់តិចដល់រដ្ឋាភិបាល។
សូមបញ្ជាក់ថា កន្លងមកហ្វីលិពិនជាប្រទេសអាស៊ីមួយក្នុងចំណោមប្រទេសអាស៊ីមួយចំនួនទៀត ដែលមានកំណើនទីផ្សារផ្នែកលេងល្បែងស៊ីសង់ខ្ពស់គួរឲ្យកត់សម្គាល់ ជាពិសេសគឺការវិនិយោគលើការសាងសង់ការស៊ីណូនេះតែម្តង។ ដ្បិតតែវិស័យនេះអាចបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើតសេដ្ឋកិច្ចជាតិក៏ពិតមែន តែនៅក្រោមការដឹងនាំរបស់លោក Rodrigo Duterte វិស័យនេះទំនងជាមិនអាចរីកចម្រើនច្រើនទៀតទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ straitstimes