វេជ្ជបណ្ឌិតរកឃើញ Contact Lens ជាប់នៅក្នុងត្របកភ្នែករបស់ស្រីម្នាក់អស់រយៈពេលជិត៣០ឆ្នាំ
វេជ្ជបណ្ឌិតមួយក្រុមបានរកឃើញ Contact Lens ជាប់នៅក្នុងត្របកភ្នែករបស់ស្រីម្នាក់អស់រយៈពេល២៨ឆ្នាំ ហើយការរកឃើញនេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាករណីនេះមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ ក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីជាជនរងគ្រោះមានអាយុ ៤២ ឆ្នាំ ហើយនាងជាអតីតកីឡាវាយសីម្នាក់ផងដែរ។ កាលពីនាងមានអាយុ ១៤ ឆ្នាំ នាងបានលេងវាយសីជាមួយនឹងមិត្តភក្តិ ហើយពេលនោះនាងក៏មានគ្រោះថ្នាក់ដោយប៉ះជាមួយនឹងឧបករណ៍វាយសី និងគ្រាប់សីយ៉ាងខ្លាំងចំមុខនឹងភ្នែករបស់នាង។
ក្រោយមានគ្រោះថ្នាក់នាងបានទៅមន្ទីរពេទ្យហើយវេជ្ជបណ្ឌិតបានប្រាប់ថា Contact Lens ដែលនាងពាក់នៅភ្នែកខាងឆ្វេងនោះខ្ទាតចេញបាត់ហើយ ព្រោះគេមិនអាចរកវាឃើញនោះទេ។ ហើយក្នុងរយៈពេល ២៨ ឆ្នាំនេះ ភ្នែកឆ្វេងរបស់នាងមិនដែលធ្វើទុក្ខអ្វីនោះទេ ទើបតែពេលថ្មីៗនេះនាងមានបញ្ហាឈឺភ្នែក និងបានទៅពិនិត្យភ្នែកឡើងវិញ ទើបគេរកឃើញថានៅក្នុងត្របកភ្នែកឆ្វេងរបស់នាងមានជាប់ Contact Lens ។ តាមការសន្និដ្ឋានរបស់វេជ្ជបណ្ឌិត Contact Lens បានជាប់នៅក្នុងភ្នែករបស់នាង តាំងពីនាងមានអាយុ ១៤ ឆ្នាំ មកម្លះ ពោលគឺមានរយៈពេល ២៨ ឆ្នាំហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail