ប្រុងខ្លួនឲ្យហើយទៅអ្នកឧស្សាហ៍ចតឡានមិនគោរពច្បាប់ អាជ្ញាធរភ្នំពេញចាប់ផ្តើមលេងធម៌ក្តៅហើយ
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែសីហា ម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំងអស់ដែលបានរក្សា ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានល្អប្រសើរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោងលើ២៤ម៉ោងមិនមែនតែការបោះឆ្នោតនោះទេ ក្រោយបោះឆ្នោតក៏នៅបន្តរក្សាការងារនេះជូនប្រជាពលរដ្ឋឱ្យបានល្អជាប្រចាំ គឺត្រូវតែបន្តពង្រឹករក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងកិច្ចប្រជុំនោះផងដែរ លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ផ្លូវទាំង១១ខ្សែឱ្យបានម៉ឺងមាត់បន្ថែមទៀត ជាពិសេសត្រូវដាក់កម្លាំង និងរថយន្តស្ទូចប្រចាំការ ដើម្បីស្ទូចរថយន្ត ដែលចតមិនគោរពច្បាប់នៅតាមដងផ្លូវទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកជាអាទិភាពជាផ្លូវគុំរូ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ៕
ប្រភព៖ ក្រសួងព័ត៌មាន

