ឥណ្ឌាក្លាយជាប្រទេសតែមួយគត់លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ១៩ថ្មីច្រើនជាង ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ, ធ្វើឱ្យចំនួនឆ្លងសរុបកើនឡើងជិត ១៦ លាននាក់
- BY
- autoadmin
- April 22, 2021
ឥណ្ឌាបានក្លាយជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាង ៣០ ម៉ឺននាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃរលកទី២ របស់ជំងឺ COVID-19 ។ មន្ត្រីសុខាភិបាលឥណ្ឌាបានរាយការណ៍ថា មានករណីថ្មីចំនួន ៣១៤,៨៣៥ ករណី ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ជាង ១៥.៩ លាននាក់។ ការស្លាប់ចំនួន ២,១០៤ នាក់ផ្សេងទៀត ក៏ត្រូវបានប្រកាសក្នុងពេលជាមួយគ្នានោះផងដែរ ដោយធ្វើឱ្យចំនួនស្លាប់កើនដល់ ១៨៤,៦៥៧ នាក់ ។

តួលេខថ្មីៗចុងក្រោយរបស់ប្រទេសឥណ្ឌា បានវ៉ាដាច់កំណត់ត្រាចាស់ដែលធ្លាប់កាន់កាប់ដោយសហរដ្ឋអាមេរិក ដោយកាលពីខែមករាដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានរកឃើញករណីជាកំណត់ត្រាចំនួន ២៩៧,៤៣០ ករណី ប៉ុន្តែបើគិតតាមចំនួនប្រជាជនវិញ ប្រទេសឥណ្ឌាមានពលរដ្ឋសរុបដល់ទៅជាង ១.៣ ពាន់លាន ខណៈដែលអាមេរិកមានតែ ៣៣០ លាននាក់ប៉ុណ្ណោះ។ ការកើនឡើងនៃចំនួនករណីជំងឺ COVID-19 នៅឥណ្ឌានាពេលថ្មីៗនេះត្រូវបានគេជឿថា ត្រូវបានជំរុញដោយជំងឺ COVID-19 បំលែងខ្លួនថ្មីឈ្មោះថា B1617 ដែលមានការបំលែងហ្សែនរហូតដល់ទៅ ២ ក្នុងនោះ ហើយឆាប់ឆ្លងរាតត្បាតជាងប្រភេទចាស់បំផុត៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






