ផ្លែឪឡឹករាងបួនជ្រុង ដែលមានតែនៅប្រទេសជប៉ុន ឥលូវប្រទេសក្នុងតំបន់អាស៊ីមួយនេះក៏មានដែរ ចំណែកឯតម្លៃវិញកប់ពពកតែម្តង
ម៉ាឡេស៊ី៖ កន្លងមកផ្លែឪឡឹក ដែលមានរាងបួនជ្រុងត្រូវបានគេបង្ហោះពេញបណ្តាញសង្គម និងបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនលាននាក់នៅជុំវិញពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។ តែពេលនេះផ្លែឪឡឹង ដែលមានប្រភពមកពីប្រទេស ជប៉ុននេះ ត្រូវបានគេដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ីហើយ។ អ្នកផលិតផ្លែឪឡឹកមានរាងជ្រុងដូចនេះបានឲ្យដឹងថា ការពិតទៅ វាមានរសជាតិដូចផ្លែឪឡឹកធម្មតាដែរ តែរាងបួនជ្រុងរបស់វាមានគុណប្រយោជន៍ខុសពីផ្លែឪឡឹកធម្មតា។
ផ្លែឪឡឹកធម្មតាមានរាងមូល ហើយវាងាយនឹងរមៀលធ្លាក់បែកណាស់ បើអ្នកមិនបានប្រុងប្រយ័ត្ននោះទេ។ យ៉ាងណាក្តីផ្លែឪឡឹកមានរាងជ្រុងនេះមានទំហំតូចងាយស្រួលដាក់ក្នុងទូរទឹកកក និងងាយស្រួលរក្សាវាទុក ដោយវាមិនងាយរមៀងធ្លាក់នោះទេ ហើយបើតាមជំនឿវិញ ផ្លែឪឡឹកមានរាងជ្រុងនេះនឹងអាចនាំសំណាងល្អសម្រាប់គ្រួសារណាដែលបានទិញវា។ សម្រាប់តម្លៃរបស់ផ្លែឪឡឹកមានរាងជ្រុងនេះហាក់មានតម្លៃខ្ពស់បន្តិចគឺមួយផ្លែមានតម្លៃប្រមាណជា ២,០០០ RM (៤៨៧ ដុល្លារ)៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz