ច្រើនខ្លាំងមែនទែន! ថ្ងៃសុក្រនេះ ប្រទេសឥណ្ឌា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កើនរហូតដល់ជាង ៣៣ម៉ឺននាក់ ក្នុងរយៈពេលតែ១ថ្ងៃ
- BY
- autoadmin
- April 23, 2021
យោងតាមកាចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាថ្មីមួយបន្ថែមទៀត ដោយរបាយការណ៍សម្រាប់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ នេះបានបង្ហាញថា ពួកគេបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៣២,៧៣០ ករណី និងការស្លាប់ចំនួន ២,២៦៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ពោលគឺរយៈពេល ២ ថ្ងៃជាប់ៗគ្នានេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីលើសពី ៣០ ម៉ឺននាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតក្នុងពិភពលោក វ៉ាដាច់អាមេរិកដែលធ្លាប់បានកត់ត្រាករណីខ្ពស់បំផុតចំនួន ២៩៧,៤៣០ កាលពីខែមករាដើមឆ្នាំនេះ។

តំបន់ជាច្រើនពិសេសគឺរដ្ឋធានីដេលីរបស់ប្រទេសនេះកំពុងប្រឈមនឹងការបិទខ្ទប់ ហើយនៅតាមមន្ទីរពេទ្យក៏កំពុងមានការខ្វះខាតអុកស៊ីសែន នៅពេលដែលរលកទី២ បានធ្វើឱ្យមានការចម្លងកាន់តែច្រើនឡើង ហើយនៅមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ COVID-19 ។ ម្សិលមិញនេះផ្ទាល់ ឥណ្ឌាក៏បានជួយហេតុការណ៍ដ៏គួរឱ្យសង្វេគមួយ ដែលទាក់ទងនឹងការផ្ទុះស៊ីឡាំងអុកស៊ីសែនរបស់អ្នកជំងឺ COVID-19 នៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋ Maharashtra ធ្វើឱ្យមនុស្សប្រមាណ ២២នាក់ បានស្លាប់នៅក្នុងហេតុការណ៍នោះ។ សព្វថ្ងៃនេះ ការចូលលួចអុកស៊ីសែនពីរថភ្លើង ឬមធ្យោបាយដឹកជញ្ជូននានាទៅកាន់មន្ទីរពេទ្យដែលខ្វះខាត ក៏កំពុងក្លាយជាបញ្ហារបស់ប្រទេសឥណ្ឌាផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






