សូម្បីតែសាច់ត្រីក៏បន្លំដែរ! ផ្ទុះរឿងអាស្រូវនៅចិន អ្នកលក់នាំគ្នាយកត្រីប្រភេទនេះមកបន្លំធ្វើជាត្រីសាម៉ុង បោកប្រាស់អ្នកទិញ
ចិន៖ ត្រីសាម៉ុងគឺអាហារមួយប្រទេស ដែលគេនិយមទទួលទាននៅជុំវិញពិភពលោក ព្រោះតែត្រីប្រភេទនេះអាចផ្តល់ទាំងរសជាតិឆ្ងាញ់ និងផ្តល់ទាំងសុខភាពល្អសម្រាប់អ្នកទទួលទានវាផងដែរ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិនបានផ្ទុះរឿងអាស្រូវមួយថា ត្រីសាម៉ុងមួយចំនួន ដែលគេលក់នៅក្នុងទីផ្សារប្រទេសចិន ការពិតមិនមែនជាត្រីសាម៉ុងនោះទេ តែគេបានបន្លំយកត្រីប្រភេទ Rainbow Trout មកលក់ជំនួសវិញ។
សូមបញ្ជាក់ថា Rainbow Trout គឺជាត្រីសមុទ្រមួយប្រភេទ ដែលមានសាច់ស្រដៀងគ្នាទៅនឹងត្រីសាម៉ុងដែរ តែវាពុំមានគុណប្រយោជន៍សុខភាព និងរសជាតិដូចត្រីសាម៉ុងនោះទេ។ បើយោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា គិតមកទល់នឹងពេលនេះអាជ្ញាធរចិន កំពុងបើកការស៊ើបអង្កេតលើករណីនេះ និងបានចុះទៅត្រួតពិនិត្យតាមកសិដ្ឋានចិញ្ចឹមត្រី និងកន្លែងលក់ត្រីសំខាន់ៗជាច្រើននៅក្នុងប្រទេសចិន។ ប្រសិនបើប៉ូលិសរកឃើញថា អ្នកណាម្នាក់បានបន្លំលក់ត្រីដូចខាងលើនេះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark

