វៀតណាមរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងចាប់តាំងពីចុងខែមីនា ដែលឆ្លងចេញពីអ្នកដំណើរមកពីប្រទេសឥណ្ឌា
- BY
- autoadmin
- April 27, 2021
មន្ទីរសុខាភិបាលខេត្ត Yen Bai របស់ប្រទេសវៀតណាម នៅថ្ងៃនេះបានរាយការណ៍ថា បុគ្គលិកសណ្ឋាគារម្នាក់នៅភាគខាងជើងនៃខេត្ត Yen Bai បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីគាត់បានប៉ះពាល់ជាមួយភ្ញៀវទេសចរចំនួន ១១នាក់ មកពីប្រទេសឥណ្ឌា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ។ ប្រភពដដែលបាននិយាយថា បុគ្គលិកម្នាក់នោះគឺជាករណីឆ្លងក្នុងសហគមន៍ដំបូងបំផុតចាប់តាំងពីថ្ងៃទី២៥ ខែមីនា ហើយនាពេលកន្លងមកនេះ រដ្ឋាភិបាលវៀតណាមក៏បានព្រមានពីការផ្ទុះឡើងថ្មីៗ ដែលអាចកើតមានចេញពីភ្ញៀវទេសចរបរទេសផងដែរ។

គិតមកទល់ពេលនេះ ភ្ញៀវទេសចរចំនួន ៤នាក់ ក្នុងចំណោម ១១នាក់ ត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19។ ដូច្នេះហើយមន្ត្រីសុខាភិបាលក៏បានធ្វើតេស្ដលើរដ្ឋចំនួន ៩នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ ហើយជាលទ្ធផលគេបានរកឃើញករណីថ្មីពីបុគ្គលិកសណ្ឋាគារម្នាក់នោះ ដែលត្រូវបានគេរាប់ចូលជាករណីក្នុងសហគមន៍តែម្ដង។ ក្រសួងសុខាភិបាលក៏បានបញ្ជាឱ្យបើកមន្ទីរពេទ្យបណ្តោះអាសន្នមួយ ដែលបង្កើតឡើងនៅក្នុងទីក្រុង Can Tho នៃតំបន់ដីសណ្តទន្លេមេគង្គ ចំពេលមានការព្រួយបារម្ភពីការឆ្លងជំងឺ COVID-19 ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម នេះបើយោងតាមគេហទំព័ររបស់ក្រសួង៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






