ប្រទេសឥណ្ឌានៅតែបន្ដមានករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ៣០០,០០០ ករណី អស់រយៈពេល ៦ថ្ងៃ ជាប់ៗគ្នាមកហើយ
- BY
- autoadmin
- April 27, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប្រទេសឥណ្ឌានៅតែបន្ដកត់ត្រាករណីថ្មីនៃជំងឺ COVID-19 លើសពី ៣០០,០០០ ករណី (ក្នុងមួយថ្ងៃ) អស់រយៈពេល ៦ ថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលនៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ នេះផ្ទាល់ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីចំនួន ៣២៣,១៤៤ ករណី និងការស្លាប់ថ្មីចំនួន ២,៧៧១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ឥឡូវនេះកម្លាំងកងទ័ពរបស់ប្រទេសកំពុងប្រកាសស្វែងរកជំនួយវេជ្ជសាស្ត្រ ខណៈនៅតាមមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ COVID-19 បូករួមទាំងកង្វះគ្រែអ្នកជំងឺ និងការផ្គត់ផ្គង់អុកស៊ីសែន។

ស្របពេលជាមួយគ្នានេះដែរ ប្រទេសមួយចំនួនរួមមាន៖ប្រទេសថៃ សឹង្ហបូរី បង់ក្លាដែស និងអង់គ្លេស ក៏បានចាត់វិធានការទប់ស្កាត់ការធ្វើដំណើរពីប្រទេសឥណ្ឌា ដើម្បីការពារកុំឱ្យមានការឆ្លងរាលដាលកើនឡើងលើទឹកដីរបស់ពួកគេ។ ចំណែកអូស្ត្រាលីឯណោះវិញ ក៏គ្រោងនឹងពិចារណាលើសំណើផ្អាកការហោះហើរពីឥណ្ឌានៅពេលក្រោយផងដែរ។ ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាកាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យមានការជួយជ្រោមជ្រែងពីកម្លាំងទ័ព បុគ្គលិកពេទ្យដែលចូលនិវត្តន៍ក៏ត្រូវត្រឡប់មកធ្វើការវិញ ហើយសូម្បីតែអុកស៊ីសែនបម្រុងរបស់កងទ័ពក៏ត្រូវបញ្ចេញយកមកប្រើផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






