អន្តរជាតិ
អ្នកដើរបិទខិតប័ណ្ណតាមសាធារណៈ ប្រុងខ្លួនឲ្យហើយទៅ មិនមែនចេះតែដើរបិទបានតាមចិត្តទេ
BY Khmernote Media
August 18, 2018
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញក្រុមហ៊ុនផ្តល់សេវាកម្ចីមួយចំនួន បានដើរបិទខិតប័ណ្ណផ្សព្វផ្សាយរបស់ខ្លួននៅតាមជញ្ជាំងសាធារណៈ និងតាមស្ពាន ធ្វើឲ្យបាត់សោភ័ណ្ឌភាពទីក្រុងយ៉ាងខ្លាំង។ ដោយសារតែមើលឃើញចំណុចនេះ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដោយមានការដឹកនាំពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចាត់អោយប្រជាការពារខណ្ឌចុះបកខិតប័ណ្ណ ដែលបិទតាមទីសាធារណៈ និងតាមស្ពានអាកាស៥មករា ៧មករា ផងដែរ។
ទាក់ទងនឹងករណីខាងលើនេះ សាលាខណ្ឌទួលគោកនឹងធ្វើការឃាត់ខ្លួន ផាកវិន័យ និងធ្វេីកិច្ចសន្យាបញ្ឈប់ ចំពោះជនណា ដែលដើរបិទខិតប័ណ្ណទាំងនោះ ហើយសមត្ថកិច្ចក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមជូនដំណឹង និងផ្តល់ពត៌មានផងដែរ ប្រសិនបើប្រទះឃើញមានជនណាដើរបិទខិតប័ណ្ណទាំងនោះទៀត៕
អត្ថបទ៖ សេម
រូបភាព៖ សាលាខណ្ឌទួលគោក










