កូវីដ-១៩

ថ្ងៃនេះ ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១,៨៧១ នាក់ និងមរណភាពបន្ថែម ១០ នាក់ ហើយភាគច្រើនគឺរកឃើញនៅទីក្រុងបាងកក

BY
autoadmin
April 29, 2021

មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៨៧១ ករណី និងការស្លាប់ថ្មីចំនួន ១០ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងចំនោមករណីថ្មីសម្រាប់ថ្ងៃនេះទាំងអស់ មានករណីចំនួន ៦៨៩ ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៥១ ករណី នៅខេត្តសាមុតប្រាកាន, ១១២ ករណី នៅខេត្តឈុនបុរី, ៦៩ ករណី នៅខេត្តឈៀងម៉ៃ និង ៧ ករណីផ្សេងទៀត ជាការនាំចូលពីប្រទេស។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៦៣,៥៧០ ករណី ដោយក្នុងចំណោមនោះគឺមាន ៦០,២៦៦ ករណី ជាការចម្លងនៅក្នុងសហគមន៍ ខណៈអ្នកជំងឺ ៣,៣០៤ នាក់ គឺជាពលរដ្ឋដែលត្រឡប់/នាំចូលពីបរទេស។ រហូតមកដល់ពេលនេះ ក៏មានអ្នកជំងឺ ៣៥,៣៩៤ នាក់ បានជាសះស្បើយ និងត្រូវរំសាយចេញទៅផ្ទះ ខណៈដែលអ្នកជំងឺចំនួន ២៧,៩៨៨ នាក់ នៅកំពុងសម្រាកព្យាបាលនៅឡើយ។ ចំណែកតួលេខស្លាប់នៅថ្ងៃនេះ បាននាំឱ្យចំនួនមរណភាពដោយសារជំងឺ COVID-19 នៅក្នុងប្រទេសថៃ កើនដល់ ១៨៨ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: